ឯកឧត្ដម សួន វិសាល ប្ដេជ្ញាបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកំរៀង
KCSM2024-07-18 12-22pm
នៅក្នុងពិធីប្រកាសសេចក្ដីសម្រេច ស្តីពី ការចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង និងឃុំនានា នៃស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយតាងនាមក្រុមការងារ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានថ្លែងនូវការបេ្តជ្ញាចិត្តពង្រឹងយន្តការដែលមានស្រាប់ និងបន្តស្វែងរកមធ្យោបាយថ្មីៗបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្ដេជ្ញាអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងខិតខំស្វែងរកកាលានុវត្តភាព និងសក្ដានុពលភាពនៃតំបន់សម្រាប់ការអភិវឌ្ឍន៍នៅនឹងកន្លែង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមពីតួនាទី ភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនៅមូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ឯកឧត្ដម ប្រធានក្រុមការងារ ក៏បានសម្ដែងនូវការដឹងគុណ និងអរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសុខទុក្ខរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ទើបបានដាក់ចេញនូវកម្មវិធីគោលនយោបាយថ្នាក់ជាតិនេះឡើង។

លោក សុខ ដែន អភិបាលស្រុកកំរៀង បានថ្លែងថា ការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករបស់លោក និងឃុំទាំង៦ នាពេលនេះ ពិតជាមាន សារៈសំខាន់បំផុតក្នុងការជួយសម្របសម្រួលការងារដល់រដ្ឋបាលស្រុក តាមដាន ត្រួតពិនិត្យ គាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីចូលរួមផ្ដល់អនុសាសន៍ណែនាំដល់រដ្ឋបាលស្រុក និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ដើម្បីក្ដាប់បាននូវ តម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ អភិបាលស្រុកកំរៀងក៏បាន រាយការណ៍អំពីស្ថានភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងសន្តិសុខសណ្ដាប់ធ្នាប់ ដែលមានភាពល្អប្រសើរឡើងគួរឲ្យកត់សម្គាល់។
ស្រុកកំរៀង គឺជាស្រុកមួយក្នុងចំណោមក្រុងស្រុក១៤នៃខេត្តបាត់ដំបងដែលមានព្រំប្រទល់ ខាងលិចទល់នឹងព្រះរាជាណាចក្រថៃឡង់ដ៏ ខាងកើតទល់នឹងស្រុកបវេល (ខេត្តបាត់ដំបង) ខាងជើង ទល់នឹង ស្រុកភ្នំព្រឹក(ខេត្តបាត់ដំបង) ខាងត្បូងទល់នឹងស្រុកសាលាក្រៅ(ខេត្តប៉ៃលិន) មានផ្ទៃដីសរុប ចំនួនៈ ៥១៦.០៦គីឡូម៉ែត្រការ៉េ មានចំនួន០៦ ឃុំ និង ៤៨ភូមិ ព្រមទាំងមានគ្រួសារសរុបៈ ១៥,៣១៧ គ្រួសារ និងគ្រួសារអចិន្ត្រៃយ៍ ១៤,៧៦៧ គ្រួសារ គ្រួសារបណ្ដោះអាសន្នមានចំនួន ៥៥០ គ្រួសារ មានប្រជាពលរដ្ឋសរុបចំនួន ៦១,៤៩៧នាក់ ស្រី ៣០,៦៧៥នាក់ ប្រជាពលរដ្ឋអចិន្ត្រៃយ៍សរុប ៥៩,៦៥២នាក់ ស្រី ២៩,៦៦៥ នាក់ប្រជាពលរដ្ឋបណ្តោះអាសន្នមាន ១,៨៤៥ នាក់ ស្រី ៩៦៧ នាក់ ស្ត្រីជាមេគ្រួសារមាន ៨០២ នាក់ ប្រជាពលរដ្ឋ មានអាយុ ១៨ ឆ្នាំឡើងសរុបៈ៣៦,៦១៨ នាក់សី ១៨,៣៥៩ នាក់ និង ប្រជាពលរដ្ឋអចិន្ត្រៃយ៍សរុប ៣៥,៥១៤ នាក់ ស្រី ១៧,៨១៦ នាក់ ប្រជាពលរដ្ឋ បណ្ដោះអាសន្ន សរុប ១,១០៤ នាក់ ស្រី ៥៤៣នាក់ មានប្រជាពលរដ្ឋចំណាកស្រុកមានចំនួន ៧,៤៣៩ នាក់ ស្រី ៣,៣០៣ នាក់ និងមានច្រកចំនួន ០២ គឺ ច្រកអន្តរជាតិដូង និងច្រកតំបន់អូរ អន្លក់៕
អត្ថបទ៖ ឈិន ធារ៉ាត់