សម្តេចធិបតី៖នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង
KCSM2024-07-16 02-18pm
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និង រវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុម រមនា ក្នុងសង្គមជាមួយគ្នាថែមទៀតផង។
ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.នៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០២៤នេះ។
នាឱកាសនោះដែរ សម្តេចបាន សំដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបប ប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី តាមរយៈនយោបាយឈ្នះឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់, ការលុបបំបាត់វប្បធម៌ និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃ បណ្តា ប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេសនិងខ្មែរដែលចង់សិក្សាស្រាវជ្រាវពាក់ព័ន្ធរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ខណៈឯកសារដើមគឺមាននៅទីនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្ររាប់រយឆ្នាំតទៅមុខទៀត។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យរក្សាទុកឯកសារពាក់ព័ន្ធ អ.វ.ត.ក ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ ខណៈឯកសារទាំងអស់នេះមិនអាចត្រឡប់មកកាន់ក្ដី១៦ឆ្នាំទៀតបានទេ៕
អត្ថបទ:សង្គម