មន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញ ក្នុងរយៈពេលជាង១៣ឆ្នាំកុមារកម្ពុជាជាង៨ពាន់នាក់រួចផុតពីស្លា-ប់ដោយសារជំងឺបេះដូង
KCSM2024-07-04 04-55pm
ជំងឺបេះដូងរបស់ទារក និងកុមារ ដែលមានតាំងពីកំណើត ជាជំងឺដ៏កាចសាហាវ និងបានផ្ដាច់ជីវិតកុមារកម្ពុជារាប់មិនអស់ ហើយការព្យាបាល គឺមានភាពស្មុគស្មាញ និងចំណាយថវិកាច្រើនសន្ធឹក ប៉ុន្តែសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គឺនៅតែរក្សាបាននូវការព្យាបាលជំងឺនេះ ដោយមិនគិតថ្លៃសូម្បីតែមួយរៀល។
គិតចាប់តាំងពីឆ្នាំ ២០១១ មកដល់ពាក់កណ្ដាលឆ្នាំ ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាបានវះកាត់ព្យាបាល ជំងឺបេះដូងកុមារបានប្រមាណជាង ៦ពាន់ករណី។ ក្នុងនេះនៅមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាបមានជាង ៤ពាន់ករណី និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជិត ២ពាន់ករណី។ បើគិតទាំងការព្យាបាលដោយមិនវះកាត់ ២ពាន់ករណីទៀត សរុប គឺ៨ពាន់ករណី។
លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាបបានប៉ាន់ប្រមាណតម្លៃនៃការវះកាត់ព្យាបាលបេះដូងរបស់កុមារ ដែលមានលក្ខណៈ មិនសូវជាស្មុគស្មាញខ្លាំង ក៏ឃើញថា ចំណាយអស់ខ្ទង់ជាង៣ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារដែរ ដោយមិនទាន់គិតពីការចំណាយលើការថែទាំបន្ទាប់ពីវះកាត់រួចនោះឡើយ។
លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អត្រាប្រឈមនឹងជំងឺបេះដូងពីកំណើតរបស់កុមារមានប្រមាណ ០,៥ – ១ភាគរយ ពោលក្នុងចំណោមកុមារ ១០០នាក់ មានម្នាក់អាចនឹងកើតជំងឺបេះដូងពីកំណើត។ មុននឹងបើកដំណើរការការព្យាបាលជំងឺនេះនៅឆ្នាំ២០១១ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាអត្រាស្លាប់នៃអ្នកជំងឺមានកម្រិតទាបមែន ប៉ុន្តែភាគច្រើនស្លាប់ដោយសារជំងឺបេះដូងពីកំណើត។ ដូច្នេះហើយ ទើបលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យ បានផ្ដួចផ្ដើមបង្កើតឲ្យមានផ្នែកវះកាត់ព្យាបាលបេះដូងរបស់កុមារ។
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧
បង្កើតឡើងដំបូងនៅឆ្នាំ២០១១ ដោយមានវេជ្ជបណ្ឌិតជំនាញពីបរទេសជួយដឹកនាំផង មួយថ្ងៃ គិតជាមធ្យម ផ្នែកវះកាត់បេះដូងកុមារ ទទួលអ្នកជំងឺចន្លោះពីម្នាក់ទៅពីរនាក់។ ២ឆ្នាំបន្ទាប់មក ដំណើរការនៃការវះកាត់ព្យាបាលជំងឺដែលមានលក្ខណៈស្មុគស្មាញមួយនេះ ធ្វើឡើងដោយវេជ្ជបណ្ឌិត និងគ្រូពេទ្យកម្ពុជាទាំងអស់។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានគូសបញ្ជាក់ថា ការចំណាយទៅលើការព្យាបាល និងវះកាត់ជំងឺបេះដូងកុមារ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនគិតថ្លៃសូម្បី ដំណើរការបាន គឺជាចំណែកមួយនៃថវិកាដែលបានមកពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដោយបានបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផា។
អត្ថបទ:សង្គម