ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ណែនាំឱ្យអភិបាលខេត្តព្រះសីហនុទើបទទួលតំណែងថ្មី ត្រូវបន្តការដឹកនាំ ប្រកបដោយការអភិវឌ្ឍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្ត។
KCSM2024-07-04 11-34am
ខេត្តព្រះសីហនុ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា កក្តាសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគឺជាកក្តាចម្បងដែលជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល និងកំពុងមានការអភិវឌ្ឍ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុថ្មីជំនួសឯកឩត្តម គួច ចរើន អតីតអភិបាលខេត្តត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មីជាអភិបាលខេត្តកណ្ដាល ពិធីនេះបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ថា ខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តគំរូពហុបំណងបាននិងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍កសិកម្មដូចនេះទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្រូវកៀងគរអ្នកវិនិយោគទាំងក្នុងស្រុកក្រៅស្រុកមកបណ្ដាក់ទុនបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យកំណើននៃការអភិវឌ្ឍន៍កាន់តែមានសន្ទុះបន្ថែមទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរក្សាបាននូវការអភិវឌ្ឍ គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តនិងអង្គភាពពាក់ព័ន្ធគ្រប់លំនិតថ្នាក់ ត្រូវចូលរួម ពង្រឹងបង្ក្រាបការជួញដូរចែកចាយរគ្រឿងញៀន បង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់លើផ្ទៃសមុទ្រ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋអ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនរក្សាសន្តិសុខភូមិឃុំមានសុវត្ថិភាពនិងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋច្រកចេញចូលទីមួយឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យបងមកទទួលសេវាមានភាពងាយស្រួលលឿន និងទាន់ពេលវេលាទៅតាមតម្រូវការរបស់ពួកគាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យអភិបាលខេត្តព្រះសីហនុទើបទទួលតំណែងថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្ត កុំធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូល ធ្វើយ៉ាងណាត្រូវមានការសហការគ្នាឱ្យបានរលូន។
ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុបានប្តេជ្ញាចិត្តដោយលើកឡើងថា ដោយមានទំនុកចិត្តពីថ្នាក់ដឹកនាំលោកនឹងខិតខំយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការដឹកនាំខេត្តព្រះសីហនុឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍អ្នកវិនិយោគដែលមកបណ្ដាក់ទុននៅលើទឹកដីខេត្តព្រះសីហនុ និងប្ដេជ្ញាបង្ក្រាបរាល់បទល្មើសនានាដែលកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ៕
អត្ថបទ:សង្គម