KCSM2024-05-22 12-47pm


ភ្នំពេញ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់រងរបួសធ្ងន់ ចំណែកក្មេងស្រីម្នាក់ទៀត និងឪពុករងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចេណ៍ រថយន្តបើកបុកម៉ូតូហុងដាឌ្រីម កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុប ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ៣នាក់ឪពុកកូន ឈ្មោះ យីម លឹម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរាយដប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសស្រាល ជាអ្នកបើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2652 ឌុបកូនស្រី២នាក់ ឈ្មោះ ភក្ត្រា មុន្នីនាថ អាយុ១០ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ភក្ត្រា ស្រីនុត អាយុ៣ឆ្នាំ រងរបួសស្រាល ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបកូនស្រី ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកពីលិចទៅកើត បុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ឪពុកកូន រថយន្តបន្ថែមល្បឿនបើកគេចទៅបាត់ស្រមោល ។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តប្រតិបត្តិស្រុកកណ្តាលស្ទឹងដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ៕
អត្ថបទ៖តាតុងសែនជ័យ
