kcsm2024-05-21 02-25pm

ប៉ារីស៖ ក្រសួងការបរទេសរបស់បារាំង បាននិយាយថា ខ្លួនគាំទ្រដល់ឯករាជ្យភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីប្រធានរដ្ឋអាជ្ញារបស់តុលាការនេះ បានស្វែងរកដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអ្នកផ្សេងទៀតពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែឧសភា​ ឆ្នាំ២០២៤។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ប្រធានរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថា លោកបានស្នើសុំដីកាចាប់ខ្លួនលោក Netanyahu , រដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant និងមេដឹកនាំក្រុម Hamas ៣នាក់ ក្នុងនោះរួមទាំងលោក Yahya Sinwar ផងដែរ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើដីកាបែបនេះត្រូវបានចេញជាធរមាន សមាជិកនៃតុលាការ ដែលរាប់បញ្ចូលទាំងប្រទេសស្ទើរតែទាំងអស់នៃសហភាពអឺរ៉ុប អាចនឹងត្រូវដាក់ក្នុងស្ថានភាពលំបាកខាងការទូត។

ក្រសួងការបរទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា «ប្រទេសបារាំង គាំទ្រលើភាពឯករាជ្យភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងការប្រយុទ្ធប្រឆាំងរាល់អំពើនិទណ្ឌភាពក្នុងគ្រប់ស្ថានភាពទាំងអស់»។

ក្រសួងបន្ថែមថា «តាមដែលអ៊ីស្រាអែល មានការព្រួយបារម្ភ វានឹងអាស្រ័យលើអង្គជំនុំជម្រះបុរេជំនុំជម្រះរបស់តុលាការ ដើម្បីសម្រេចថា តើត្រូវចេញដីកាទាំងនេះដែរឬទេ បន្ទាប់ពីបានពិនិត្យមើលភស្តុតាងដែលដាក់ដោយព្រះរាជអាជ្ញារបស់តុលាការ ICC»។

យ៉ាងណាម៉ិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរិះគន់សំណើចាប់ខ្លួនលោក Netanyahu និងអ្នកពាក់ព័ន្ធ របស់រដ្ឋអាជ្ញានៃតុលាការ ICC ថា «ជារឿងដ៏អាម៉ាស់» ខណៈក្រសួងការបរទេសបារាំង បានប្រកាន់ជំហរខុសគ្នាពីសហរដ្ឋអាមេរិក៕

រភព៖ Reuters