KCSM2024-05-21 12-29pm

ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា លោកបានច្រានចោលពាក្យស្នើសុំដោយរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់ដីកាចាប់ខ្លួនលោក ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

ប្រធានរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បានស្នើឱ្យមានដីកាចាប់ខ្លួនលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំកំពូលៗ របស់ក្រុមសកម្មប្រយុទ្ធ Hamas ៣នាក់ ពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្រ្គាមកំពុងបន្ដនៅតំបន់ហ្គាហ្សា។

ព្រះរាជអាជ្ញាតុលាការ ICC បាននិយាយថា លោកកំពុងស្វែងរកដីកាប្រឆាំងលោក Netanyahu និងលោក Gallant សម្រាប់ឧក្រិដ្ឋកម្ម រួមទាំង «ការសម្លាប់ដោយចេតនា» «ការសម្លាប់រង្គាល និង/ឬឃាតកម្ម» និង «ការអត់ឃ្លាន»។

ទាក់ទិននឹងបញ្ហានេះ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើទីក្រុងនៅប្រទេសហូឡង់ ជាទីស្នាក់ការរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ថា «ខ្ញុំបដិសេធដោយស្អប់ខ្ពើមចំពោះការប្រៀបធៀបរបស់រដ្ឋអាជ្ញាក្រុងឡាអេ រវាងអ៊ីស្រាអែលជាប្រទេសប្រជាធិបតេយ្យ និងឃាតកសម្លាប់មនុស្សរង្គាល ក្រុមហាម៉ាស»។

ជាមួយគ្នា រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានថ្កោលទោសទង្វើនេះដោយបញ្ជាក់ថា «ការដាក់ឱ្យមេដឹកនាំអ៉ីស្រាអែលស្មើគ្នានឹង បិសាចណាស៊ីដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកហាម៉ាស គឺមិនអាចទទួលយកបានទេ»។

សង្គ្រាមនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក របស់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់ AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥២នាក់ក្នុងអំឡុងនៃការវាយប្រហារនេះផងដែរ ដែលក្នុងនោះ ១២៤នាក់នៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សារួមទាំង ៣៧នាក់ដែលកងទ័ពបាននិយាយថា ត្រូវបានសម្លាប់។

បើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥,៥៦២នាក់ នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ៕

ប្រភព៖ CNA