KCSM2024-05-21 12-44pm

(ភ្នំពេញ)រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា បាន​ចេញ​សារ​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើ​មាតិការ​រក​កម្រៃ​តាម​អនឡាញ (MMO) ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ផ្សព្វផ្សាយ ឬ​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​តែ​ម្ដង​នូវ​ការ​ផ្សព្វផ្សាយ​រូបភាព​ហិង្សា និង​មនុស្សឃាត​សាហាវ​ព្រៃផ្សៃ នៅ​លើ​បណ្ដាញ​សង្គម​ដែល​វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​លើសលប់​ជាង​ផល​វិជ្ជមាន​។
សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ចេញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​រសៀល​ថ្ងៃ​ទី ២០ ខែ​ឧសភាព ឆ្នាំ ២០២៤ មាន​ខ្លឹមសារ​យ៉ាង​នេះ​៖

«​ជា​ថ្មី​ម្ដង​ទៀត នៅ​ប៉ុន្មាន​ថ្ងៃនេះ​, ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​រួម​នឹង​ក្រុម​អ្នក​ផលិត​មាតិកា និង​រក​ប្រាក់​តាម​អនឡាញ (MMO) បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​នូវ​រូបភាព​ឃាតកម្ម រូប​ភាព​ហិង្សា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តិកតុក និង​ប្រព័ន្ធ​តេឡេក្រាម​, ខ្ញុំ​សូម​អំពាវនាវ និង​ស្នើ​សុំ​បង​ប្អូន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​រូបភាព​ហិង្សា​ទាំង​នេះ ព្រោះ​វា​ប៉ះពាល់​កិត្តិយស​នៃ​សព និង​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដែល​កំពុង​តែ​ទទួល​រង​ភាព​ឈឺចាប់ និង​ការ​បាត់បង់​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ ក៏​វា​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត ជា​ពិសេស​យុវជន និង​កុមារ ករណី​ពួក​គាត់​បាន​ប្រទះ​ឃើញ​រូបភាព​ទាំង​នេះ​។ ដើម្បី​គោរព​ដល់​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ និង​ជន​រងគ្រោះ (​ផ្ទាល់​) បងប្អូន​អាច​ចែក​រំលែក​រូបភាព​ដែល​មិន​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​ឯកជន​ភាព​របស់​ជន​រង​គ្រោះ ឬ​ធ្វើ​ឱ្យ​រូបភាព​នោះ​ប្ល័រ (​រូប​មិន​ច្បាស់​) មុន​នឹង​ផ្សព្វផ្សាយ និង​ចែករំលែក​។ ធ្វើ​ដូច្នេះ គឺ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង និង​គោរព​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ផង​។ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា​បង​ប្អូន​អ្នក​សារព័ត៌មាន អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ក្រុម​អ្នក​ផលិត​មាតិកា​មួយ​ចំនួន​លើក​តម្លៃ​ខ្ពស់​ក្នុង​ការ​គោរព​ក្រមសីលធម៌ និង​អនុវត្ត​តាម​ស្តង់ដារ​ប្រតិបត្តិ​នៃ​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​សង្គម និង​គោរព​ឯកជន​ភាព​របស់​បុគ្គល​! សូម​អរគុណ​»

ប្រភព៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ឯកឧត្ដម នេត្រ ភក្ត្រា