KCSM2024-05-17 11-48am

ស្វាយរៀង ៖ រថយន្តបែនយុីឌុបដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តALPHARD រុញទៅបុកផ្ទប់បង្គោលស្លាកសញ្ញាចរាចរណ៍ ហើយរថយន្តបង្កបន្តទៅបុកពីក្រោយរថយន្តឃ្លុបដឹកទឹកសុទ្ធមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តមួយគ្រឿងរងខូចខាតធ្ងន់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្ក បែនយុីឌុបដឹកខ្សាច់ ម៉ាកSCANIA ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1555 បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-6247 រុញទៅបុកផ្ទប់បង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យរងខូចខាតធ្ងន់ ហើយរថយន្តបង្កបន្តទៅបុកពីក្រោយរថយន្តឃ្លុបដឹកទឹកសុទ្ធ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4963 ដែលកំពុងបើកស្របទិសគ្នាទាំងអស់។
ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង ក្នុងនោះមានមួយគ្រឿងរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រងចាំភាគីទាំង៣ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ