KCSM2024-05-15 02-21pm

(ភ្នំពេញ)សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​មាន​ឯកឧត្ដម គី តិច ជា​ប្រធាន ដើម្បី​ខិតខំ​ការពារ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ករណី​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​លោក​ស្រី ឡេង ចាន់ណា ព្រមទាំង​ផ្ដល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​នានា​តាម​ការ​ចាំបាច់ ជា​ពិសេស ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​តុលាការ​។ លោក​ក៏​បាន​ស្នើ​ឲ្យ​មេធាវី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​អស់ ដែល​មាន​ការ​ពាក់​ព័ន្ធ ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ក្នុង​សំណុំ​រឿង​នេះ ហើយ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​តាម​នីតិវិធី​ជា​ធរមាន​។
លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹង​នៅ​តែ​បន្ត​តាម​ដាន​ដោយ​យកចិត្តទុកដាក់​លើ​សំណុំរឿង​នេះ​។
អ្នក​ស្រី ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា និង​បញ្ជូន​ទៅ​តុលាការ តាម​ការ​បញ្ជា​ពី​សម្ដេច​ធិបតី​។ ហើយ​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា គោរមងារ​ជា​ឧកញ៉ា​របស់​អ្នក​ស្រី ត្រូវ​បាន​បញ្ចប់​។ មក​ដល់​បច្ចុប្បន្ន​នេះ សំណុំរឿង​របស់​អ្នកស្រី ឡេង ចាន់ណា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​។ អ្នកស្រីត្រូវបាន​អយ្យកាអមសាលាដំបូងខេត្តសៀមរាបចោទ​ប្រកាន់លើ៣បទល្មើសព្រហ្មទណ្ឌ គឺ​ទី​១ ឆបោក​មាន​ស្ថានទម្ងន់ទោស ​ប្រព្រឹត្តដោយ​ក្រុម​មានការចាត់តាំង ​តាម​បញ្ញត្តិ​មានត្រា ​៣៧៧ និង​មាត្រា៣៨០។ ទី២ ​ការចេញសែក​គ្មាន​សាច់ប្រាក់ ​និង​​ទី​៣​ ការ​សម្អាតប្រាក់​។

ទោះ​ជា​យ៉ាងណាក៏ដោយ សម្ដេច​ធិបតី​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នៅ​បន្ត​តាមដាន​ករណី​នេះ​ជា​ប្រចាំ និង​បាន​ប្រគល់​ភារកិច្ច​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្រាវជ្រាវ និង​សហការ​គាំទ្រ​ដល់​ដំណើរការ​របស់​តុលាការ​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វើ​យ៉ាងណា​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ទៅ​តាម​ផ្លូវ​ច្បាប់​។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​ធិបតី លោក​បាន​លើក​ឡើង​ពី​សាវតារ​ខ្លះៗ ដែល​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​លោកស្រី ឡេង ចាន់ណា បញ្ជូន​ទៅ​តុលាការ​ភ្ជាប់​ជាមួយ​លិខិត​សិទ្ធិប្រទាន​យ៉ាង​នេះ​ថា​៖

«​ក្រោយ​ពេល​ដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​នៅ​លើ​គម្រោង ប្រ៊ីលានស៊ីធី នៅ​ខេត្ត​សៀមរាប របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​, នៅ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ២០២៤ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរោបនីយកម្ម និង​សំណង់ ក៏​ដូចជា ជូន​ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប និង​ក្រុម​ជំនួយ​ការ​ច្បាប់​របស់​ខ្ញុំ​ដើម្បី​ស្រាវជ្រាវ ក៏​ដូច​ជា​រិះរក​ដំណោះស្រាយ​លើករណី​នេះ​។

តាម​ការ​ប្រគល់​ភារកិច្ច​, ឯកឧត្ដម សាយ សំអាល់ បាន​ព្យាយាម​ធ្វើ​ការ​សម្របសម្រួល​ជា​មួយ​ក្រុមហ៊ុន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ជូន​ប្រជាជន​វិញ ទៅ​តាម​លទ្ធភាព​ដែល​អាច​ទៅ​បាន និង​ទៅ​តាម​ជំហាន​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាច​ធ្វើ​ទៅ​បាន​។

ជា​មួយ​គ្នា​នេះ​, សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ករណី​នេះ ហើយ​បាន​រក​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំ​មាន​លក្ខណៈ​ដូច​ជា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេង​ទៀត ដែល​ជា​គម្រោង​វិនិយោគ​ពិត​ប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជា​មួយ​នឹង​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​នោះ​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គម្រោង​របស់​ក្រុម ឡេង ចាន់ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូប​មន្ត Ponzi Scheme ។

ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​, នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ២០២៤ ខ្ញុំ​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ឈាន​ទៅ​ឃាត់​ខ្លួន​ឈ្មោះ ឡេង ចាន់ណា ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។​»

អត្ថបទ: សង្គម