KCSM2024-04-09 10-01am

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿង កំពុងបើកតាមផ្លូវហ្វ្រាំងមិនសុី ជ្រុលបុកពីទទឹងម៉ូតូសណ្តោងរុឺម៉ក ដឹកកម្មករចេញពីធ្វើការរោងចក្រវេនយប់ បណ្តាលឱ្យក្រឡាប់របួស១៦នាក់ ធ្ងន់៣នាក់ ស្រាល១៣នាក់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7446 ជារថយន្តស្ទូច ដឹកលូ បើកបរដោយឈ្មោះ ជឹម សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិកូនរមាស ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កដឹកសសរបេតុង បើកចេញពីភូមិត្រពាំងសិលា គោលដំណងឆ្ពោះទៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ដោយបើកតាមផ្លូវបេតុងពីត្បូងទៅជើង ដល់ផ្លូវ៣០ម៉ែត្រ ហ្វ្រាំងមិនសុី ជ្រុលបុកពីទទឹងម៉ូតូសណ្តោងរុឺម៉ក ដឹកកម្មករ ដែលបើកតាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត បណ្តាលឱ្យក្រឡាប់ របួសកម្មករ១៥នាក់ និងអ្នកបើកម៉ូតូម្នាក់ សរុប១៦នាក់ ។

តាមកម្មកររោងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក បើកដោយបុរសម្នាក់ ដឹកកម្មការនីរោងចក្រចំនួន១៥នាក់ ចេញពីធ្វើការរោងចក្រវេនយប់ ខណៈដែលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកចេញពីផ្លូវក្នុងភូមិបុកទាំងកំរោល ក្រឡាប់របួស១៦នាក់ ស្រី១៥នាក់ ប្រុស១នាក់ ក្នុងនោះរបួសធ្ងន់ស្ត្រី៣នាក់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបាននាំគ្នាទៅពេទ្យដោយខ្លួនឯង ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទាំងរថយន្តនិងម៉ូតូសណ្តោងរុឺម៉ក ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ