KCSM2024-04-06 03-28pm


ភ្នំពេញ ៖ មនុស្ស៥នាក់រងរបួស ក្នុងនោះ៤នាក់រងរបួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តធុនធំ ប្រភេទយុីឌុប ដឹកមាន់បើកល្បឿនលឿន ជ្រុលបុកជាមួយរថយន្ត Prius កំពុងបត់ឆ្លងផ្លូវ រុញផ្ទប់របង ខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៦អា មុខបុរីឌឹផ្លរ៉ា ភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកមាន់ ប្រភេទយុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0598 បើកបរល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកជាមួយរថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-2429 ជិះគ្នា៥នាក់ បើកពីត្បូងទៅជើង កំពុងបត់ឆ្លងផ្លូវចូលបុរី រុញផ្ទប់នឹងរបងថ្ម កៀបជាប់មនុស្សក្នុងរថយន្ត របួសធ្ងន់៤នាក់ របួសស្រាល១នាក់ រថយន្តខូចខាតធ្ងន់ធ្ងរ អ្នកបើកបររថយន្តដឹកមាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

