KCSM2023-12-20 14-04am

ភ្នំពេញ៖ នាឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតនៅថ្ងៃទី២០នេះ ដោយភ្ជាប់នូវអនុសាសន៍ជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នេះចំនួន ៧ ចំណុចផងដែរ។
នៅសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលជាឱកាសដល់ថ្នាក់ដឹកនាំ ស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក។ ជាងនេះ វេទិកានេះ នឹងក្លាយជាចក្ខុវិស័យតម្រូវទិសដៅសម្រាប់ អនុវត្តនៅពេលខាងមុខ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាង សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
អនុសាសន៍ចំនួន ៧ ចំណុចរបស់សម្តេចនាយករដ្ឋមន្រ្តីរួមមាន៖
១- បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
២- ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៣- ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
៤- ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៥-បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
៦- ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិងបាត់បង់ទំនុកចិត្តពីសាធារណជន។និងទី
៧- បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានអនុវត្តនូវការសម្រេចដ៏ខ្ពស់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាព សារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% (ហាសិបភាគរយ) ដើម្បីជួយសម្រួលបន្ទុករបស់បងប្អូន អ្នកសារព័ត៌មាន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល៕
ប្រភព សង្គម

