KCSM2023-12-20 11-44AM

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនអតីតគ្រូពេទ្យរដ្ឋម្នាក់ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក ទិញលក់ដីខ្យល់ នៅខេត្តកោះកុងប្រមាណ១៥ម៉ឺនដុល្លារ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲចាប់ខ្លួនរបស់លោកស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ (ទិញលក់ដីខ្យល់ នៅស្រុកស្រែអំបិល ខេត្តកោះកុង លើទឹកប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារ)។
ជនសង្ស័យឈ្មោះ សំ សីណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ពេទ្យ ទីលំនៅបច្ចុប្បន្ន ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។បច្ចុប្បន្ន លោកគ្រូពេទ្យខាងលើ ត្រូវបានដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ទិញលក់ដីខ្យល់៕
អត្ថបទ៖ ចតុមុខ