KCSM2023-12-19 06-19Pm

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្តល់អនុសាសនជា គោលការណ៍ចំនួន ៦ ចំណុចដើម្បីដោះស្រាយបញ្ហាចង្អៀតណែនរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ស្របពេលដែលចំនួនជនជាប់ឃុំដោយសារការប្រព្រឹត្តិបទល្មើសកាន់តែមានកំណើនច្រើនឡើងផងដែរ។ គោលការណ៍ទាំងនេះ ត្រូវបានថ្លែងដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផល ការងារប្រឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្រសួងមហាផ្ទៃ។
ក្នុងនោះគោលការណ៍ទី១ គឺត្រូវបន្តពង្រឹងធនធានមនុស្ស លើកកម្ពស់ការស្វែងយល់ពីច្បាប់ជាតិនិងអន្តរជាតិនា នាពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថលព្រហ្មទណ្ឌ និងត្រូវជំរុញការងារបណ្តុះបណ្តាលមន្រ្តីជំនាញ។ ទន្ទឹមនឹងនោះ ត្រូវលើកទឹកចិត្តនិងផ្តល់ឱកាសដល់មន្រ្តីសិក្សារៀនសូត្រជំនាញរបស់ខ្លួននៅថ្នាក់ឧត្តមនិងក្រោយឧត្តមសិក្សា រួមទាំងភាសា និងបច្ចេកទេសផ្សេងៗ។ គោលការណ៍ទី២ ត្រូវពង្រឹងនិងរឹតបណ្តឹងការអនុវត្តច្បាប់ ជាមួយនិងវិធានការឆែកឆេរដើម្បីបង្កើនទប់ស្កាត់បទល្មើសក្នុងពន្ធនាគារ ពិសេសបង្ការទប់ស្កាត់ការចរាចរណ៍សម្ភារៈហាមឃាត់ និងគ្រឿងញៀនក្នុងពន្ធនាគារ។
គោលការណ៍ទី៣ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងរបៀបរបបការងារតាមរយៈការគោរពការបែងចែកតួនាទី ភារ កិច្ចតាមសមត្ថភាព ចំណេះជំនាញជាក់ស្តែងរបស់មន្រ្តី ជៀសវាងប្រកាន់បក្ខពួកនិយមក្នុងអង្គភាព។ គោលការណ៍ ទី៤ ត្រូវបន្តទប់ស្កាត់ការឆ្លងជំងឺនានាក្នុងពន្ធនាគារតាមរយៈការពង្រឹងជំនាញរបស់មន្រ្តីពេទ្យ និងស្វែងរកជំនួយផ្នែកបច្ចេកទេស សម្ភារៈ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការព្យាបាល។ គោលការណ៍ទី៤ ត្រូវបន្តយកចិត្តទុកដាក់លើការងារសមាហរណកម្មជនជាប់ឃុំតាមរយៈការពង្រីកកម្មវិធីអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគេឆាប់បានចូលទៅរស់នៅក្នុងសហគមន៍វិញ។ និងគោលការណ៍ទី៦ ត្រូវបន្តសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសក្រសួងយុត្តិធម៌ដើម្បីជំរុញការងារបន្ធូរបន្ថយទោស លើកលែងទោស ការដោះលែងដោយភ្ជាប់លក្ខខ័ណ្ឌ ការអនុវត្តទោសការងារសហគមន៍ជាដើម។
យោងតាមរបាយការណ៍ស្តីពី លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់អគ្គនា យកដ្ឋានពន្ធនាគារបង្ហាញថា ចំនួនជនជាប់ឃុំគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសរុប ៤២ ៦៦០នាក់ក្នុងនោះស្រី ២ ៥៦០នាក់។ ក្នុងនោះជនបរទេសមានចំនួន ២ ៣០៤ ស្រី២៥៥នាក់ អនីតិជន២ ៣០៣ នាក់ ស្រី៧៧នាក់។ ចំណែកស្រ្តីមានផ្ទៃពោះ២៧នាក់ កូនតាមម្តាយ១១៥នាក់។
តាមរបាយការណ៍ខាងលើ ជនជាប់ឃុំដែលប្រព្រឹត្តិបទល្មើសគ្រឿងញៀនមានច្រើនជាងគេ គឺ៤៨,៩៥% បទល្មើសលួចមានស្ថានទម្ងន់ទោស ១០,១៤% បទល្មើសលួច ១១,៩៨% រំលោភសេពសន្ថវៈ ៥,៨១% បទល្មើសឃាតកម្ម ៥,២៩% និងបទល្មើសផ្សេងៗទៀតមាន ១៧,៨៣%។ ចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ ២០២២ ក្នុងអត្រា១២,៧៣% ស្មើនឹងជនជាប់ឃុំចំនួន ៤ ៨២០នាក់៕
ព័ត៌មានសង្គម