kcsm2023-12-15 08-39pm

ភ្នំពេញ ៖ រថយន្ត NISSAN NAVARA មួយគ្រឿងដឹកអ៊ុំស្រីអ្នកជំងឺម្នាក់យកទៅមើលគ្រូខ្មែរ បែជារេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បោកផ្ទប់ ធ្វើឱ្យអ្នកជំងឺឈឺលើសដើម ត្រូវបានរថយន្តសង្គ្រោះចេញទៅអន្តរាគមន៍ ទទួលយកអ្នកជំងឺបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ខាងលើកកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកNISSAN NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2B-8596 បើកបរដោយបុរសម្នាក់ រួមដំណើរជាក្រុមគ្រួសារ ដឹកអ៊ុំស្រីម្នាក់អាយុ៧២ឆ្នាំ មានជំងឺប្រចាំកាយ Hernie សរុបគ្នា៤នាក់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើបានដឹកអ្នកជម្ងឺ ចេញពីស្រុកកៀនស្វាយ ក្នុងគោលបំណងយកទៅមើលគ្រូខ្មែរ នៅឯខាងស្រុកពញាឮ ខេត្តកណ្តាល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ដល់ចំណុចខាងលើ រេចង្កូតទៅបុកបោកផ្ទប់របងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យអ្នកជំងឺកំពុងឈឺចុកស្រាប់ផង ធ្ងន់លើសដើម បែកខូចរបង ខ្ទេចទាំងរថយន្ត។


ក្រោយកើតហេតុ អ្នកជំងឺត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ចេញទៅទទួលយក ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែករថយន្តត្រូវបានម្ចាស់ សាច់ញាតិធ្វើការសម្របសម្រួលជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយចេញថ្លៃខូចខាតរបងដែលបែកបាក់ រួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ តាតុងសែនជ័យ