KCSM2023-12-16 08-28pm

ក្រោយផ្ទុះរឿងអាស្រូវករណីគាបស៊ីលុយចំនួន១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រាថ្លៃមួយកាលពីពេលថ្មីនេះៗ លោក កឹម ជាតិពេលនេះបានរបូតតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្ទាប់ពីព្រះមហាក្សត្រទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកតាមរយៈព្រះរាជក្រឹត្យនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣នេះ។

លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយបន្ទាប់ពីមេធាវីតំណាងក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។
យោងតាមពាក្យបណ្តឹងពីមេធាវីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា កាល ពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដឹកនាំដោយ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិ ការបានចូលមកក្នុងទីតាំង ឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុន… ដោយចោទប្រកាន់ថាផលិតផលរបស់ ក្រុមហ៊ុនមានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតំរូវអោយដកហូត និងតំរូវអោយបិទសៀលលើទ្វារឃ្លាំងមិនអោយក្រុមហ៊ុនធ្វើអាជីវកម្មបាន និង ទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរ នឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ ។
មេធាវីរូបនោះបញ្ជាក់ទៀតថា ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន កូនក្តីរបស់លោកក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធអោយ ក្រុម ឯកឧត្តម គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់អោយអ្នកតំណាងក្រុមហ៊ុន ផ្តិតមេដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជាផ្លូវការឡើយ។ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាននៅក្រសួងមហាផ្ទៃ។