KCSM2023-12-12 03-55pm

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់បាយ ម្ហូប ម្នាក់ កំពុងតែឈរលក់សុខៗ ស្រាប់តែខ្យល់គគាំងបេះដូងដួលស្លាប់ ផ្អើលញាតិជិតខាង អ្នកភូមិ ក្រុមសង្គ្រោះទៅជួយមិនទាន់ផង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជួលតាមផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ឡុង សាវ៉េត ៤៤ឆ្នាំ មុខរបរលក់បាយម្ហូប ជាស្ត្រីមេម៉ាយ មានកូនចំនួន២នាក់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។

បើតាមក្រុមគ្រួសារ បានឱ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះចម្អិន ម្ហូប ដាំបាយ រៀបចំ រួចរាល់ហើយ កំពុងតែឈរលក់សុខៗ ស្រាប់តែទន់ដៃជើង ខ្យល់គ ដួលសន្លប់ ផ្អើលក្រុមគ្រួសារ ញាតិជិតខាង អ្នកភូមិ ជួយរឹត គក់ច្របាច់ ជាអកុសលបានស្លាប់បាត់ជីវិត តែមិនអស់ចិត្ត ក្រុមគ្រួសារបានហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយពិនិត្យ តែស្ត្រីរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ។
ក្រោយកើតហេតុ ក្រុមគ្រួសារ បងប្អូន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ តាតុងសែនជ័យ
