Kcsm2023-12-12 02-12pm

សិល្បៈជាតិ៖ ករណី​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​កម្រិត​ពិភពលោក គឺ​តារាចម្រៀង ឡា​ច ណុ​ច ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស (ឆក់​ខ្សែក) ។
តាម​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី យី សុខ​វួ​ច កាលពី​ថ្ងៃទី១០ ខែធ្នូ​ឆ្នាំ២០២៣ បានចេញ​ដីកាឃុំខ្លួន​ជន​ត្រូវចោទ​ឈ្មោះ ឡា​ច ណុ​ច មុខរបរអ្នកចម្រៀង​តាម​ភោជនីយដ្ឋាន ដាក់ពន្ធនាគារ​ព្រៃ​សម១ បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស (ឆក់​ខ្សែក) ។

គួររំលឹកថា វេលា​ម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកចម្រៀង ឡា​ច ណុ​ច ដែលជា​ជនសង្ស័យ​បានចេញ​ធ្វើ​សកម្មភាព​លួច​ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (ឆក់​ខ្សែ-ក) នៅ​ចំណុច​ផ្លូវ​លេខ១៩៩កែង៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ​បឹង​កេងកង នៅពេលដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​តាមផ្លូវ ស្រាប់តែ​ត្រូវបាន​ជនសង្ស័យ​ជិះ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែ-ក បម្រុង​ជិះ​គេចខ្លួន ហើយ​បាន​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​ដួលបង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យភ្លាមៗតែម្តង និង​ចាប់យក​វត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូន​ជនរងគ្រោះ​វិញ​ផងដែរ។ ឡា​ច ណុ​ច ដែល​អ្នកចម្រៀង​តាម​ភោជនីយដ្ឋានភេទ​ប្រុស អាយុ២១ឆ្នាំ បាន​ទទួលសារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ជនរងគ្រោះ នៅ​ចំណុច​ខាងលើ ពិតប្រាកដ​មែន។
ភ្ជាប់​ជាមួយ​ករណី​នេះដែរ មហាជន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន បានបង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្នកចម្រៀង ឡា​ច ណុ​ច មិនគួរណា​គិត​ខុស​មួយពេល​បណ្ដោយ​ខ្លួន​ឱ្យ​ប្រព្រឹត្តិ​ទង្វើ​ដែលនាំឱ្យ​ខូច​បង់​អនាគត​បែបនេះ​សោះ។ ហើយ​ករណី​នេះដែរ​ក៏​ក្លាយជា​ឧទាហរណ៍​យ៉ាងសំខាន់​ចំពោះ​អ្នកចម្រៀង​ជំនាន់​ក្រោយ កុំឱ្យ​ភ្លើ​ត​ភ្លឺ​ន ឬ​ផុងខ្លួន​ប្រព្រឹត្តិ​តាម ព្រោះថារឿងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អនាគត​នោះទេ សូម្បីតែ​ប្រជាប្រិយភាព​ក្នុង​វិស័យ​សិល្បៈ​ក៏ត្រូវ​ស្រអាប់ដែរ ឬក៏​មិនអាច​វិល​ចូលមក​ប្រឡូក​សិល្បៈ​វិញ​ក៏​អាច​ថា​បានដែរ៕

ប្រភព សង្គម