KCSM2023-12-06 10-59am

ភ្នំពេញ៖ នៅទីបំផុតទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរជនសង្ស័យជាស្រ្តីវ័យក្មេងម្នាក់មានរូបឆោមស្រស់ស្អាត ខណៈស្រ្តីរូបនោះបានបើកបរក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកបុរសជាអ្នកដឹកឥវ៉ាន់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង៕
ហេតុការណ៍ដ៏រន្ធត់នេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនានាផ្ទុះការរិះគន់ពីវប្បធម៌និទណ្ឌភាព បន្ទាប់ពីទទួលព័ត៌មានចចាមអារ៉ាមថា ស្រ្តីវ័យក្មេងរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពមកវិញ ខណៈស្រ្តីជាជនសង្ស័យត្រូវបានដឹងថា ជាកូនចៅអ្នកមានទ្រព្យសម្បត្តិហើយយកប្រាក់សម្រួលបញ្ចប់រឿងក្តីជាមួយក្រុមគ្រួសារសព។

តែយ៉ាងណាបើផ្អែកតាមព័ត៌មានដែលក្រុមការងារសារព័ត៌មានត្រយងទទួលបានពីតុលាការភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យមិនត្រូវបានដោះលែងឱ្យមានសេរីភាពនោះទេ ខណៈជនសង្ស័យពាក់ព័ន្ធពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យស្លាប់អ្នកដទៃ។ ករណីនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពី
រំលឹកផងដែរថា កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីខាងលើបើកបររថយន្ត ម៉ាក FORD MUSTANG សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 ទាំងមានជាតិស្រវឹង រួមដំណើរជាមួយបុរស៣នាក់ទៀត សុទ្ធតែប្រើប្រាស់ជាតិស្រវឹងដូចគ្នា។ ពួកគេបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតរេពេញផ្លូវ លុះដល់ចំណុចមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក៏បានជ្រុលបុកបុរសម្នាក់ពីក្រោយដែលកំពុងជិះកង់អាគុយបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។
ស្ត្រីវ័យក្មេងបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ជា ថាណាកា អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅផ្ទះលេខ២២០ ផ្លូវលេខ១៣២ ភូមិ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលើកឥវ៉ាន់ក្នុងព្រលានយន្តហោះ រស់នៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានស្ត្រីបើកបររថយន្តបង្ក ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងយករថយន្ត កង់អាគុយ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។
យោងតាមច្បាប់ចរាចរណ៍ផ្លូវ មាត្រា៨៥ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន)រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុង មាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០(ដប់លាន)រៀលទៅ២៥ ០០០ ០០០(ម្ភៃប្រាំលាន)រៀល
កាលបើអំពើ នេះបានប្រព្រឹត្តក្នុង ករណីណាមួយ ដូចជា ៖ ១- ករណីអ្នកបើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ ២- អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីតឈាមឡើងទៅ។ ៣- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។ ៤- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចជាត្រូវបាន ចេញការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុង ការប្រកបវិជ្ជាជីវ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥(ប្រាំ) ឆ្នាំយ៉ាងច្រើន៕
អត្ថបទ៖ចតុមុខ
