KCSM 2023-12-06 04-44pm

សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសារលិខិតរបស់សម្តេចចូលរួមអបអរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូបានបញ្ជាក់ថា បាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយ យល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់ ៥ ពាក្យរបស់ សម្តេចតេជោ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» បានបញ្ជ្រាបចូលយ៉ាងឆាប់រហ័សដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់ ។
សម្តេចបានបញ្ជាក់ទៀតថា មកដល់អាណត្តិថ្មី អាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ ក៏នៅ តែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យនេះ ហើយប្រាកដ ណាស់ បើយើង ឆ្លុះកញ្ចក់ -ងូត ទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាព ស្អាត ស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះសម្តេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកដែរថា រាជរដ្ឋាភិបាល សម្តេចតេជោ បានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំកម្ពុជា ក្លាយជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយសង្គតិភាព ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។
សម្តេអះអាងថា សម្តេចនឹងបន្តវរភាពគំរូ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោត លើការ លើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្ដោត អាទិភាព លើការងារទាំង ៥ ដូចខាងក្រោម ៖
ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ ។
ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ ។
ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើ គុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។
ទី៤-ការបន្តពង្រឹងនិងពង្រីកលើកការងារអប់រំ បង្ការនិងទប់ស្កាត់ជាចម្បងព្រមទាំងការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។
ទី៤-ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នសាធារណៈជាពិសេសតាមរយៈយន្តការជនបង្គោលអប់រំទាំងការងារអប់រំនិងការបង្ការទប់ស្កាត់ដើម្បីរៀបចំដាក់ឲ្យអនុវត្តតាមដាន ត្រួតពិនិត្យនិងវាយតម្លៃអនុវត្តផែនការ យុទ្ធសាស្ត្ររបស់យើងបន្តទៀតរហូតដល់សម្រេចបំណងចុងក្រោយរបស់យើងគឺសង្គមស្អាតស្អំបវររុងរឿង៕


