KCSM 2023-12-04 12-41pm

(ឥណ្ឌូនេសុី)ក្រុមមន្ត្រីបាននិយាយនាថ្ងៃចន្ទ នេះថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន ១១នាក់ ត្រូវបានគេរកឃើញថា បានស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយក្រុមរុករក ដែលធ្វើការជួយសង្រ្គោះពេញមួយយប់ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន បន្ទាប់ពីការផ្ទុះភ្នំភ្លើងមួយកើតឡើងនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។
មន្ត្រីមកពីទីភ្នាក់ងារក្នុងស្រុក និងថ្នាក់ជាតិ បានកែប្រែតួលេខអ្នកឡើងភ្នំនៅចុងសប្តាហ៍នេះដល់ចំនួន ៧៥នាក់ ប៉ុន្តែក្រុមរុករក បានរកឃើញអ្នកស្លាប់ចំនួន ១១នាក់នៅក្បែរភ្នំភ្លើងនៅព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានឱ្យដឹងបន្ទាប់ពីការផ្ទុះនេះថា «មានមនុស្ស ២៦នាក់មិនត្រូវបានជម្លៀសចេញ ហើយយើងបានរកឃើញមនុស្ស ១៤នាក់ក្នុងនោះមានមនុស្ស ៣នាក់ត្រូវបានគេរកឃើញថានៅរស់ ចំណែកមនុស្ស ១១នាក់ទៀតត្រូវបានគេរកឃើញថាបានបាត់បង់ជីវិត។ ដោយឡែកមនុស្ស ១២នាក់ទៀត នៅតែកំពុងបាត់ខ្លួន ខណៈមនុស្សចំនួន ៤៩នាក់បានចុះពីលើភ្នំដោយដោយអ្នកខ្លះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ»។

មន្ត្រីដដែលបាននិយាយថា អ្នកនៅរស់រានមានជីវិតទាំង ៣នាក់ត្រូវបានគេរកឃើញនៅជិតមាត់រណ្ដៅ ហើយស្ថានភាពរបស់ពួកគេចុះខ្សោយខ្លាំង អ្នកខ្លះមានការរលាកស្បែក។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមអ្នកជួយសង្គ្រោះ បានប្តូរវេនគ្នាដឹកអ្នកបាត់បង់ជីវិត និងអ្នករងរបួសចុះពីភ្នំដោយសារស្ថានភាពផ្លូវលំបាកសូមជម្រាបថា ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា ដែលមានកម្ពស់ ២,៨៩១ម៉ែត្រ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបានបញ្ចេញកម្ទេចកម្ទីភ្នំភ្លើងកម្ពស់ ៣,០០០ម៉ែត្រទៅលើមេឃ រួមទាំងសាយភាយទៅលើភូមិក្បែរនោះផងដែរ៕
ប្រភព៖ CNA
