KCSM2023-11-29 02-28pm

(បាងកក)កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ មានករណីផ្ទុះសារធាតុគីមីមួយកន្លែងនៅក្នុងភូមិ Ban Chai Ngam ឃុំ Tambon Mae Waen ស្រុក Phrao ខេត្តChiang Mai ដោយដំបូងឡើយមានស្រ្តី២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ប៉ុន្ដែរហូតដល់ល្ងាចថ្ងៃដដែលមានការរាយការណ៍ថា មានបុរសម្នាក់ទៀតបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមការឱ្យដឹង គេបានប្រទះឃើញសាកសពមនុស្សម្នាក់ដេកស្លាប់ក្នុងផ្ទះកញ្ចក់ ហើយម្នាក់ទៀតខ្ទាតទៅលើដើមឈើ ខណៈម្នាក់ទៀតមានរបួសរលាកពេញខ្លួន និងក្រោយមកត្រូវបានបញ្ជាក់ថាស្លាប់។ ក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់ មានម្នាក់ជាជនជាតិថៃ និង២នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។
យោងតាមមន្ត្រីបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារដាច់ស្រយាល នៅចំកណ្តាលចំការមួយកន្លែង និងមានចម្ងាយប្រហែល ៥០០ម៉ែត្រ ពីសហគមន៍ដែលនៅក្បែរភូមិកើតហេតុ កាលពីល្ងាចថ្ងៃអង្គារ។
មុនពេលកើតហេតុនោះ ពួកកម្មករនៅទីនោះបានលាយប៉ូតាស្យូមក្លរ ៧៥គីឡូក្រាម ជាមួយនឹងបាវអ៊ុយ ៥០គីឡូក្រាម ដើម្បីធ្វើជាជី ស្រោចដើមមៀន ជំនួយឱ្យឆាប់ចេញផ្កា។ សារធាតុទាំង២នេះ អាចមានប្រតិកម្មយ៉ាងខ្លាំងជាមួយសារធាតុអុកស៊ីហ្សែន និងសារធាតុសរីរាង្គគ្រប់ប្រភេទ អាចផ្ទុះដោយឯកឯងនៅពេលដែលសីតុណ្ហភាពលើសពីចំណុចរំពុះ។
យ៉ាងណាម៉ិញ កន្លងមកមានការផ្ទុះសារធាតុប៉ូតាស្យូមក្លរដ៏ខ្លាំងក្លា នៅក្នុងស្រុក San Patong កាលពីឆ្នាំ១៩៩៩ ដោយបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើននាក់៕
ប្រភព៖ Bangkok Post