KCSM2023-08-01 02-45pm

បន្ទាយមានជ័យ៖ ប្រជានេសាទដែលប្រកបនេសាទត្រីនៅស្ទឹងសិរីសោភ័ណ បានសម្តែងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានការនេសាទ បានសត្វក្រពើជាប់ៗគ្នាកាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរស្ទឹងសិរីសោភ័ណបានឲ្យដឹងថា កាលពីថ្ងៃទី៣០កក្កដា មានប្រជានេសាទម្នាក់ឈ្មោះ ជឹម លី អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅបង់សំណាញ់ នៅតាមស្ទឹងសិរីសោភ័ណ ស្រាប់តែបង់បានសត្វក្រពើមួយក្បាល មានទម្ងន់៤គីឡូក្រាម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជានេសាទឯទៀត ជាពិសេសក្រុមអ្នករាវលៀសលក់ ព្រោះពួកគាត់តែទៅរាវលៀសនៅក្នុងស្ទឹងជាប្រចាំថ្ងៃ។
លុះដល់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ នៅម៉ោង៦យប់ អ្នកនេសាទម្នាក់នោះក៏បានចេញទៅរកត្រីបន្តស្រាប់តែបង់បានសត្វក្រពេីមួយក្បាលទៀតនៅក្នុងស្ទឹងក្បែរកន្លែងដដែល។ ក្រពើដែលបង់បានលើកទី២នេះ មានទំម្ងន់៦ គីឡូក្រាម។

ក្រោយពីប្រជានេសាទបង់សំណាញ់បានសត្វក្រពើក្នុងស្ទឹងជាបន្តបន្ទាប់បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរស្ទឹងសិរីសោភ័ណ មានការងឿងឆ្ងល់ថា តើសត្វក្រពើទាំងនេះមានប្រភពមកពីមក បានជាចេញដើរតាមស្ទឹង បេបនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការខ្លាចរអាគ្រប់ៗគ្នា ពិសេសក្រុមអ្នករាវលៀស លែងចង់ហ៊ានចុះទៅក្នុងងស្ទឹងនោះបន្តទៀត ។ ជាមួយគ្នានោះដែល ប្រជាពលរដ្ឋបានស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយចាត់វិធានការករណីក្រពើនេះផង៕

ប្រភព សង្គម