Kcsm2023-07-31 01-58pm

បាត់ដំបង៖ រថយន្តសេរីទំនើបម៉ាក Lexus Gs ៣០០មួយគ្រឿង ទំនងម្ចាស់ងងុយដេកបើកបុកខឿនទ្រូងផ្លូវក្រឡាប់ឆេះខ្ទេចខ្ទីគ្មានសល់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៤:០០នាទីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមកំណាត់បណ្ដោយផ្លូវហាយវេក្នុងក្រុមទី០១ ភូមិកកូរឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ករណីខាងលើប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះបានបើកបរលឿនក្នុងទិសដៅពីត្បូងទៅ ជើងក្នុងទិសដៅពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះដល់ទីតាំងកើតហេតុសង្ស័យងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្ដាលឲ្យប៉ើងក្រឡាប់ហើយឆាបជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង។
ប្រភពព័ត៌មានបឋមពីអ្នកភូមិបានលើកឡើងដូចៗគ្នាថា: ក្រោយពេលកើតហេតុទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុ។
ប្រភពដដែលបន្ថែមថា: មូលហេតុនៃហេតុការឆេះអាចបណ្តាលមកពីអ្នកបើកបរងងុយដេក។ រថយន្តរងគ្រោះម៉ាក Lexus Gs ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AW-៧៧២៥ បានឆេះខ្ទេចខ្ទីអស់ទាំងស្រុងតែម្តង៕

អត្ថបទ៖ដំបងក្រញូង