KCSM2023-07-29 03-54pm

បន្ទាយមានជ័យ ៖ យុវជនសិស្សសាលា២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ វ៉ាក់អើឃើញរថយន្តពេទ្យបើកមកជិតដល់ អ្នកជិះពីក្រោយលោតចុះ ដូចរុញម៉ូតូបុកបញ្ចូលរថយន្ត បណ្តាលស្លាប់ម្នាក់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះបានស្លាប់ឈ្មោះ ជី វ៉ាន់នុត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មានយុវជនសិស្សសាលាមួយក្រុមគ្នា៦នាក់ ជិះម៉ូតូ៤គ្រឿង ជិះម៉ូតូឆ្លងផ្លូវជាតិលេខ៥ពីត្បូងទៅជើង មាន៣ម៉ូតូបានបើកឆ្លងផុតទៅមុនបាត់ហើយ នៅសល់ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ សេរីចាស់ ជិះដោយជនរងគ្រោះ និងមិត្តភ័ក្រ បើកឆ្លងក្រោយគេ វ៉ាក់អើជាមួយរថយន្តពេទ្យដឹកសព របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បើកពីកើតទៅលិច មកដល់ ធ្វើឲ្យអ្នកជិះម៉ូតូខាងក្រោយភ័យលោតចុះ ដូចរុញម៉ូតូបុកបញ្ចូលរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯសពក្នុងរថយន្តត្រូវបានផ្ទេរទៅរថយន្តផ្សេង ហើយសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដោយស្រាយតាមនីតិវិធី ៕

ប្រភព តាតុងតាសែនជយ័