Kcsm2023-07-30 12-24pm


កណ្តាល៖ កាស៊ីណូ ថប ដាយអឹមុិន Top Diamond Casino ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវបានលួចបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនកុះករដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ ស្រុកនិងខេត្តតាកែវឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។


ប្រភពមហាជនបានបន្តទៀតថា ភាគច្រើនគឺជាអ្នកញៀនល្បែងមាន់ជល់ដីនិងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូដែលជាប្រជាជនខ្មែរតែងតែនាំគ្នាចូលលេងដោយមានការបើកភ្លើងខៀវពីភាគីកាស៊ីណូនិងអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះ វាផ្ទុយនឹងច្បាប់អាជីវកម្មកាស៊ីណូទាំងស្រុង។
ប្រភពបន្តថា សកម្មភាពដែលកាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើនេះ មិនមែនជាលើកទី១នេះទេ គឺគេលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងយូរហើយ ព្រោះខាងកាស៊ីណូគេយកតុងនិងបានទាំងលក់អាហារភេសជ្ជៈនៅក្នុងនោះផង។

ទាក់ទិននឹងករណីកាស៊ីណូលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើ ពលរដ្ឋសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវនិងលោក យក់ សារ៉ាត សូមមេត្តាចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងផង ព្រោះសកម្មភាពខាងលើនេះ វាផ្ទុយនឹងច្បាប់ធ្វើអាជីវកម្មកាស៊ីណូហើយ ម្យ៉ាងវិញទៀតគឺបានប្រព្រឹត្តផ្ទុយនឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជការហើយ។
ទោះបីជាយ៉ាងបណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីភាគីកាស៊ីណូបាននៅឡើយនោះទេ ព្រោះពុំលេខទូរស័ព្ទដែលអាចទំនាក់ទំនងគ្នាបាន៕
អត្ថបទដោយ៖CS01

