KCSM2023-07-26 01-23pm


(អន្តរជាតិ)ប៉ូលិសឥណ្ឌូនេស៊ីកំពុងស៊ើបអង្កេតលើការជួញដូរសរីរាង្គមនុស្សខុសច្បាប់ ដែលពាក់ព័ន្ធនឹងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានជួយក្រុមឧក្រិដ្ឋ បញ្ជូនជនជាតិឥណ្ឌូនេស៊ី១២២នាក់ ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ដើម្បីលក់ក្រលៀនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លោក Hengki Haryadi ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុង ហ្សាកាតា បាននិយាយថា អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស១២នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា រួមមានទាំងមន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ផងដែរ ហើយប៉ូលិសនឹងបន្តបង្ក្រាបក្រុមជួញដូរមនុស្សដែលធ្វើការផ្សាយពាណិជ្ជកម្មខុសច្បាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេមកកម្ពុជាដើម្បីវះកាត់ប្ដូរសរីរាង្គមនុស្ស (ក្រលៀន)។
លោកបាននិយាយថា ជនរងគ្រោះទាំងអស់១២២នាក់ រួមទាំងកម្មកររោងចក្រ គ្រូបង្រៀន និងអ្នកប្រតិបត្តិផ្សេងៗ បានត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញហើយ ហើយប៉ូលីសនៅតែកំពុងស្វែងរកជនរងគ្រោះមួយចំនួនទៀត។
លោក បន្ដថា «ជនរងគ្រោះភាគច្រើន គឺសុទ្ធសឹងតែជាអ្នកបានបាត់បង់ការងារ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ហើយពួកគេបានយល់ព្រមលក់សរីរាង្គរបស់ពួកគេដោយសារតែពួកគេត្រូវការប្រាក់ ខណៈជនរងគ្រោះ ៦នាក់នៅតែស្ថិតក្រោមការតាមដានរបស់វេជ្ជបណ្ឌិត»។
បើតាមប្រភពដដែលបានបន្ដថា ជនសង្ស័យចំនួន៩នាក់ គឺជាអតីតជនរងគ្រោះជួញដូរសរីរាង្គ ដែលត្រូវបានចោទប្រកាន់ថា បានបោកបញ្ឆោតប្រជាជនមកពីទូទាំងប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យមកវះកាត់លក់ក្រលៀនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
បើតាមសារព័ត៌មាន CNA បានឲ្យដឹងថា ជនសង្ស័យទី១០ត្រូវបានចោទប្រកាន់ពីបទបញ្ជូនមនុស្សទៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញ ដើម្បីវះកាត់ប្ដូរក្រលៀនរបស់ពួកគេ ដោយជនរងគ្រោះម្នាក់ៗ នឹងការទទួលបានប្រាក់កម្រៃត្រឡប់ទៅវិញចំនួន ១៣៥លានរូពី (ស្មើនឹង ៩,០០៩ដុល្លារអាមេរិក)។
លោក Haryadi បាននិយាយថា មន្ត្រីប៉ូលីសថ្នាក់ទាបម្នាក់នៅទីក្រុង Bekasi មន្ត្រីអន្តោប្រវេសន៍នៅកោះបាលី និងអ្នកជួញដូរ ១០នាក់ទៀត ដែលក្នុងនោះមាន ៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកនៃក្រុមជួញដូរមនុស្សដែលជាញំញីលើអ្នកស្វែងរកការងារ។
CNA បានផ្សាយថា មន្ត្រីអន្តោប្រវេសន៍មកពីកោះបាលី រងការចោទប្រកាន់ពីបទបំពានអំណាច និងក្លែងបន្លំឯកសារឲ្យជនរងគ្រោះធ្វើដំណើរទៅក្រៅប្រទេស ហើយបានទទួលប្រាក់យ៉ាងតិច ៣លានរូពី (១៩៩.៤២ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់ៗ ដែលគាត់បានរត់ចូលមកកម្ពុជា។
ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ជួញដូរមនុស្សរបស់ប្រទេសឥណ្ឌូនេស៊ី និងប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងតិច ១៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦០០លានរូពី (៣៩,៨៨៣ដុល្លារអាមេរិក)។
យោងតាមច្បាប់ស្តីពីការជួញដូរមនុស្សឆ្នាំ២០០៧ មន្ត្រីទាំង២នាក់ ប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។
យ៉ាងណាម៉ិញ លោក គ្រីស៍ណា មើរ៍ទី (Krishna Murti) ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា «មានប្រតិបត្តិការជួញដូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលាគ្រប់គ្រងដោយប្រទេសកម្ពុជា ហើយយើងបាននិងកំពុងទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសកម្ពុជា»។
ថ្វីបើមានរឿងបែបនេះយ៉ាងណាក្ដី អាជ្ញាធរកម្ពុជាថា ខ្លួនមិនទាន់ទទួលបានព័ត៌មានលម្អិតណាមួយ ពាក់ព័ន្ធនឹងការជួញដូរមនុស្សដើម្បីលក់ក្រលៀននៅឡើយទេ ហើយថាប្រសិនបើពិតជាមានព័ត៌មានឈានដល់ការចាប់ខ្លួនក្រុមជួញដូរមនុស្សចំនួន១២នាក់បែបនេះមែននោះ អាជ្ញាធរពាក់ព័ន្ធភាគីទាំងសងខាងគួរតែសហការណ៍គ្នាដើម្បីស្វែងរកមេខ្លោងនៃអ្នកជួញដូរមនុស្សខុសច្បាប់៕
ប្រភព៖ CNA

