KCSM 2023-07-26 04-12pm

(ភ្នំពេញ)លទ្ធភាពនៃការចូលកាន់មុខតំណែងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត កាន់​តែ​ខិតជីតឡើងៗ ជាពិសេសក្នុងអន្តរកាលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ពោលគឺនាប៉ុន្មានថ្ងៃមុន និងក្រោយការបោះឆ្នោតដែល​គណបក្សប្រជាជន​កម្ពុជា​បន្ត​ឈ្នះ​ភ្លូក​ទឹក​ភ្លឹកដី​ដោយ​ទទួល​បានសំឡេងឆ្នោតជាង៨៤ភាគរយ ធៀបនឹងចំនួនអ្នកទៅបោះឆ្នោតសរុប។
នៅពេលសាធារណ:មតិកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពកាន់តែ​ខ្ពស់​នៃការ​ចូលកាន់​មុខ​តំណែង​​នាយករដ្ឋមន្រ្តីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត, នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី សាម៉េត ជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ដែលមហាជនស្គាល់ថា​ជាហោរា​ទស្សន៍​​ទាយ​ដ៏​ល្បី​​ល្បាញ បានថ្លែងក្នុងពិធីសំណេះសំណាល​ជាមួយនិស្សិតសាកលវិទ្យាល័យឥន្ទរវិជ្ជា ដោយ​បញ្ជាក់ច្បាស់ៗថា ទាំងរដ្ឋសភា និងរដ្ឋាភិបាលថ្មីនឹងកើតឡើង ជាពិសេស ឯកឧត្តម ហ៊ុន ម៉ាណែត នឹងឡើង​ធ្វើជា​នាយករដ្ឋមន្រ្តីនៅម៉ោង២រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣​តទៅ។
ឯកឧត្តម លី សាម៉េត មានប្រសាន៍ថា«ថ្ងៃទី២៩ ខែសីហា ម៉ោង២ (រសៀល) និស្សិតបញ្ញវន្តជាន់ខ្ពស់ដែលក្មួយៗគោរពស្រលាញ់…ហ៊ុន ម៉ាណែត នឹងឡើងជានាយករដ្ឋមន្ត្ត្រីបន្តវេន បើមិនពិតទេខ្ញុំហ៊ានកាត់ក្បាលបោះឱ្យឆ្កែស៊ី»។

ចំណែកឯ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៦ និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា កាន់តែបង្ហើបច្បាស់ឡើងៗ​អំពីលទ្ធភាព​នៃការចូលកាច់ចង្កូតរាជរដ្ឋាភិបាល នីតិកាលទី៧ របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនសម្រាប់អនាគត។ នាប៉ុន្មានថ្ងៃ មុន​បោះ​ឆ្នោត សម្ដេច​បានផ្ដល់បទសម្ភាសដល់ស្ថាប័នព័ត៌មានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយ​ក្នុង​កិច្ច​សម្ភាស​ន៍នោះ សម្ដេច បានថ្លែងពីការបន្តវេនរបស់កូនប្រុសដែលគណបក្សសម្រេចជាឯកច្ឆ័ន។
សម្ដេចមានប្រសាសន៍ថា«បេក្ខជននាយករដ្ឋមន្រ្តីគឺមានដល់ទៅពីរ បេក្ខជន ហ៊ុន សែន ផង! ហ៊ុន ម៉ាណែត ផង! ចាំមើលប្រជាជនបោះឆ្នោតឱ្យប៉ុន្មាន? ហើយថាមិនត្រូវនៅតែត្រឹមបីបួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយទៅជានាយករដ្ឋមន្រ្តីក៏ថាបាន»។

មកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះទៀត សម្ដេច ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តីចាំផ្ទះ បានថ្លែងជាថ្មីទៀតអំពីលទ្ធភាពនៃការចូលដឹកនាំគណៈរដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយ​សម្ដេច​បានផ្ញើសារជូនកម្មករ កម្មការិនី​អំពី​លទ្ធ​ភាព​ខ្ពស់​ដែល​ពួក​គេ​នឹង​ត្រូវ​ជួប​សំណេះ​សំណាល​ជាមួយនាយក​រដ្ឋ​មន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត តែម្ដងនៅដើមនីតិកាលទី៧នេះ។
សម្ដេចមានប្រសាសន៍បន្តទៀតថា«ខ្ញុំចង់ឱ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវទៅជួបក្មួយៗ កូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថាយើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្រ្តីថ្មីនឹងទៅសួរសុខទុក្ខចំពោះកម្មករ កម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្រ្តីចាស់»!។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធអគារសាលាយុត្តិធម៌ នៃ​ក្រសួង​យុត្តិធម៌ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានប្រកាសកំណត់យកថ្ងៃច័ន្ទ ទី២៨ ខែសីហា​ ឆ្នាំ២០២៣ ជាកាល​បរិច្ឆេទ​នៃ​ការ​ស្បថ​ចូលកាន់​មុខ​តំណែង​របស់​សមាជិករដ្ឋសភាអាណត្តិទី៧ ហើយនៅថ្ងៃទី២៩ ខែ​សីហា​ដដែល ជាកាលបរិច្ឆេទ​នៃការស្បថ​ចូលកាន់​មុខតំណែង​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧។
សម្ដេចបញ្ជាក់ថា«តាមគ្រោងទុក សភានឹងត្រូវប្រជុំលើកដំបូងនៅថ្ងៃទី២៨ (ខែសីហា) ចំថ្ងៃច័ន្ទ អាហ្នឹងត្រូវតែជឿជាក់ខ្លះ ហើយចំថ្ងៃ១២កើត សភាប្រជុំក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ល្ងាចថ្ងៃទី២៨ សភាចូលស្បថ ថ្ងៃទី២៩បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ល្ងាចរាជរដ្ឋាភិបាលស្បថចូលកាន់មុខតំណែងបាន»។

នាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​តំណាង​រាស្រ្ត​មណ្ឌលរាជធានីភ្នំពេញ​បានថ្លែងសារប្រកបដោយជំនឿចិត្តរួច​ជាស្រេច​ថា​គណបក្ស​ដែល​មាន​ឯកឧត្តម​ជាបេក្ខភាពនាយករដ្ឋមន្រ្តីដែរនោះនឹងឈ្នះការបោះឆ្នោតនេះ។

នាយក​រដ្ឋមន្ត្រីជាមួយសារព័ត៌មានបរទេសក្ដី និងសារជាបន្តបន្ទាប់របស់សម្ដេចនាយករដ្ឋមន្ត្រី ដូច​បានលើកឡើងខាងលើ នោះ នាំឱ្យការទស្សន៍ទាយថា ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្ត្រីចាប់ពីម៉ោង២រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣តទៅ ជាការដែលអាចជឿ និងទទួលយកបាន។
ដូច្នេះអោយកាន់​តែ​​ប្រាកដ មានតែរង់ចាំមើល តើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង​២រសៀលមែនទេ? ហើយ​បង្ហាញ​លទ្ធផល​ដូច​អ្វីៗ​ដែលឯកឧត្តម
លី សាម៉េត គ្រូមា មានប្រសាសន៍ឬយ៉ាងណា?

ប្រភព k001