KCSM 2023-01-21 01-22p

ភ្នំពេញ ៖. នៅល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ នាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ( ចេញសែកអត់លុយ ) មានទឹកប្រាក់ជាង២៦មុឺនដុល្លារ ។

ជនត្រូវចោទឈ្មោះ ពៅ កាល់ម៉ែត ភេទប្រុស អាយុ៣៧ ឆ្នាំ មានទីលំនៅផ្ទះលេខ ២ ផ្លូវលេខ៧ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជានាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា ។

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីបានអនុវត្តតាមដីការបញ្ជាអោយចូលខ្លួនរបស់អយ្យការអមសាលាដំបូងលើឈ្មោះ ពៅ កាល់ម៉ែត បន្ទាប់ ពីមានពាក្យបណ្ដឹងរបស់ឈ្មោះ សេង សុធារ៉ា ភេទស្រី កើតឆ្នាំ១៩៨៧ ដែលមានមេធាវី លឹម លីណាំ ជាតំណាង បានដាក់ពាក្យប្ដឹងចូលមកសមត្ថកិច្ចពាក់ព័ន្ធនឹងករណីឈ្មោះ ពៅ កាល់ម៉ែត ជំពាក់ប្រាក់ចំនួន២៦៦ ៣០០ ដុល្លារ ហើយចេញសែកមួយសន្លឹកសងមកវិញ ប៉ុន្តែសែកនោះគ្មានប្រាក់ ។

យោងតាមពាក្យបណ្ដឹងរបស់មេធាវីម្ចាស់បំណុលបានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មោះពៅ កាល់ម៉ែត ជាអគ្គនាយកក្រុមហ៊ុន ធីមប៊ីមេធ បានមកខ្ចីប្រាក់ពីកូនក្ដីរបស់ខ្លួនចំនួន២៦៦ ៣០០ដុល្លារ លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ ពៅ កាល់ម៉ែត បានចេញមូលប្បទានប័ត្ររបស់ធនាគារអភិវឌ្ឍន៍អាសុីចំកាត់មានលេខ ៥១៥៥៥០ ចុះថ្ងៃទី ២៧កញ្ញា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ២៦៦ ៣០០ដុល្លារ ប្រគល់មកឲ្យម្ចាស់បំណុលឈ្មោះ សេង សុធារ៉ា សងបំណុលដែលបានខ្ចី ។
លុះដល់ថ្ងៃទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះគ្មានលុយទេ ទើបម្ចាស់បំណុលសម្រេចដាក់ពាក្យដើម្បីឲ្យតុលាការមានចំណាត់ការតាមនីតិវិធី៕