KCSM 2023-01-16 06:58pm

(កំពង់ស្ពឺ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សម សាមួន បានដកបញ្ឈរជើងជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៀត ក្រោយផ្ទុះរឿងលើបណ្តាញ សង្គមហ្វេសបុក ដោយសារតែមន្រ្តីនគរបាលរូបនេះ បានផាកពិន័យអ្នកបើករថយន្តមួយគ្រឿងចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា មន្រ្តីនគរបាលរូបនេះ គឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ករណីផាកពិន័យអ្នកបើកបរដោយមិនចេញវិក័យបត្រនេះ បានកើតមានឡើងក្រោយម្ចាស់គណនីហ្វេសបុកម្នាក់មានឈ្មោះថា «គង្គារ លំអរ មង្គល» បានបង្ហោះខ្លឹមសារថា «ប្រយ័ត្នជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ណាស់​ ដឹងថាយើងប្រញាប់ផាក២០០ដុល្លារ ឲ្យបាញ់ចូលកុងហើយបន្លំមិនឲ្យវិក័យបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថាប៉ូលិសចាប់»។
ក្រោយមានព័ត៌មាននេះកើតឡើង និងមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុករួចមក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវជាបន្ទាន់។

ក្រោយការស្រាវជ្រាវរួចមក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដោយមានចំឡើយសារភាពរបស់មន្រ្តីនគរបាល ខែម សុធារិទ្ធថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច លោកបានចុះប្រតិបត្តិការជាមួយក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ បានឃាត់រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ដឹកទំនិញសំពីងសំពោងក្នុងទិសដៅពីកើតទៅលិច។

ពេលឃាត់រួចហើយពិនិត្យឃើញថា អ្នកបើករថយន្តមិនមានបណ្ណបើកបរ និងដឹកសំពីងសំពោង ក៏ត្រូវធ្វើការផាកពិន័យចំនួន ១លាន២សែនរៀល (តាមច្បាប់គ្មានបណ្ណបើកបរត្រូវផាក 1,200,000 រៀល) និងផាកដឹកសំពីងសំពោងចំនួន១៥ម៉ឺនរៀលទៀត។ តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរសម្រេចបាញ់លុយចំនួន ២០០ដុល្លារជូនក្រុមមន្រ្តីនគរបាលទាំងនោះ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ក្រោយទទួលបានចំឡើយបែបនេះ ចំពោះវិធានការចំពោះមុខ គឺអនុសេនីយ៍ឯក ខឹម សុធារិទ្ធ ត្រូវដកបញ្ឈរជើង ហើយកម្លាំងនគរបាលដែលដាក់ប្រចាំការដើម្បីផាកពិន័យនៅចំណុច គោលដៅខាងលើត្រូវបញ្ជាឲ្យដកចេញផងដែរ៕