KCSM2023-01-10 03-20pm

(ភ្នំពេញ)នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៣០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច និងបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នីតិរដ្ឋ និងលំហនយោបាយតាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធនានា ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តសេដ្ឋកិច្ចសង្គម ប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូក្នុងការចូលរួមលើកកម្ពស់ ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានបន្ដថា ជាក់ស្ដែងសមិទ្ធផល នៃការរីកចម្រើន និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ គឺរួមមានទាំងភាពជោគជ័យ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ ជាងនេះទៀត សម្តេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាមានការចូលរួមចំណែកគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះ មានដៃគូរអភិវឌ្ឍ វិស័យឯកជន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងគាំទ្រវិស័យសេវាសង្គមនានា នៅតាមមូលដ្ឋាន ជនបទ និងសហគមន៍ ជាដើម។

សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាព តាមរយៈការចូលរួមស្វែងរកដំណោះស្រាយដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំសុខភាព និងបរិស្ថានជាដើម។ សម្ដេច បន្ដថា គិតត្រឹមដំណាច់ខែធ្នូឆ្នាំ ឆ្នាំ២០២២នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៦.១០៩ ក្នុងនោះ សមាគម ចំនួន ២.៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៤៦៨។ បន្ទាប់ពីច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាន កាលពីឆ្នាំ២០១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប ១.៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះ សមាគម ៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៨៨។

9

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងទៀតថា «បើយើងមើលចំនួន សមាគម និងអង្គការសង្គមស៊ីវិល ដែលបានចុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងអាចវាយតម្លៃបានថា រាជរដ្ឋាភិបាលកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ដល់សិទ្ធិ និងគាំទ្រ ឱ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេស ក្នុងនាមជាដៃគូអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។

គួរបញ្ជាក់ថា វេទិកាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលរៀបចំនាពេលនេះ ជាបរិយាកាសដ៏ថ្លៃថ្លាមួយសម្រាប់អង្គការសមាគមបានជួបជុំ ដើម្បីឆ្លុះបញ្ចាំងការអនុវត្តល្អ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ តាមរយៈការលើកកម្ពស់នូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូប្រកបដោយបរិយាបន្ន និងសាមគ្គីភាព។ លើសពីនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល នាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល សម្រេចបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា