Kcsm2022-12-30 01-13pm


(កំពត)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកនូវ មរណទុក្ខ ដ៏ក្រៀមក្រំជាមួយនឹងគ្រួសារ និងជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះ កាស៊ីណូ Grand CITY Diamond នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាររំលែកទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ករណីគ្រោះអគ្គិភ័យបណ្តាលឱ្យឆាប់ឆេះកាស៊ីណូ ហ្គ្រេនដាយមិន ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននេះ គឺជាសោកនាដកម្មមួយនៅចុងឆ្នាំ២០២២ សម្រាប់កម្ពុជា។
សម្តេចតេជោក៏ បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះទៅដឹកនាំប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះអគ្គិភ័យ នៅកាស៊ីណូនោះ ព្រមទាំងបានថ្លែងនិងកោតសរសើរឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក អ៊ុំ រាត្រី និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានដឹកនាំ និងចូលរួមក្នុង ប្រតិបត្តិការពន្លត់ និងសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យនោះផងដែរ។
រហូតមកដល់ព្រឹកនេះ ក្រុមអ្នករុករកនិងសង្គ្រោះបន្តរកឃើញសាកសពចំនួន១១នាក់ បន្ថែមទៀតពីអគារដែលត្រូវអគ្គិភ័យលេបត្របាក់នោះដែលធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតបានកើនឡើងដល់៣០នាក់និងជិត១០០នាក់ទៀតបានរងរបួស៕