KCSM 2022.04.28 03.42pm



ភ្នំពេញ៖ នៅទីបំផុត, មន្ត្រីចរាចរណ៍មួយរូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលស្រវឹងស្រាជោគជាំហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វេីការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិហើយ។



គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាក LAND CRUISER ពាក់ផ្លាកលេខ កម្ពុជា 3456MSK ពណ៌ស បើកបរក្នុងស្ថានភាពស្រវឹងទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
បើតាមក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វេីការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ៕