2022.02.22

ភ្នំពេញ៖ រថយន្ត២០គ្រឿងអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅត្រូវបានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដោយកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបយ៉ាងសកម្មខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។

គួររំលឹកថា ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។

ក្នុងបេសកកម្មបង្ក្រាបខាងលើត្រូវបានលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។

ជាលទ្ធផលរយៈពេល៤ថ្ងៃ បង្ក្រាបបានរថយន្តអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយបាន៖
*រថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង នៅគោលដៅខេត្តត្បូងឃ្មុំ។

  • រថយន្ត Lexus RX 330 ចំនួន៤គ្រឿង នៅគោលដៅខេត្តក្រចេះ។
  • រថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿងនៅគោលដៅខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្តអត់ពន្ធខាងលើត្រូវបាននាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនីតិវិធីច្បាប់គយ៕