អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ ថៃមិនទាន់បញ្ជូនទាហានកម្ពុជា២០រូបត្រឡប់មកវិញទេ, សូមអំពាវនាវឲ្យភាគីថៃប្រគល់ត្រឡប់មកវិញឲ្យឆាប់
KCSM 2025-07-31 16:36pm
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតត្រឹមម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃ មិនទាន់បានបញ្ជូនទាហានកម្ពុជា ចំនួន២០រូប ដែលគេចាប់ទៅនោះ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន ដែលបង្ហាញលទ្ធផល នៃការអនុវត្តបទឈប់បាញ់របស់កម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យថៃប្រគល់ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតបើសិនមាន។ រាជរដ្ឋាភិបាលយើងបន្តខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនមកវិញឱ្យបានឆាប់ និងសុវត្ថិភាព៕
ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអំពាវនាវដល់ភាគីថៃ ប្រគល់ចំណាប់ទាហានកម្ពុជាទាំង២០នាក់ត្រឡប់មកវិញ ឲ្យបានឆាប់រួមទាំងកងកម្លាំងផ្សេងទៀត បើសិនមាន។ លោកស្រីអះអាងថា កម្ពុជា នឹងខិតខំចរចាឲ្យអស់លទ្ធភាព ដើម្បីយកកងកម្លាំងកម្ពុជាត្រឡប់មកវិញឲ្យបានឆាប់ និងសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយកងកម្លាំងយើងចំនួន២០រូប ដែលត្រូវបានភាគីថៃគ្រប់គ្រង គិតមកដល់ម៉ោង៣៖៣៣នាទីរសៀលនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន២០រូប ត្រឡប់មកវិញនៅឡើយទេ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមាន។ យើងនឹងចរចាឲ្យអស់ពីលទ្ធភាព ដើម្បីយកបងប្អូនយើងត្រឡប់មកវិញឲ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ, កងទ័ពកម្ពុជា នៅតែបន្ដប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សូមជម្រាបថា កងកម្លាំងកម្ពុជាចំនួន២១រូប ត្រូវបានទាហានថៃចាប់ខ្លួន ក្នុងនោះកម្ពុជាទទួលបានសពម្នាក់ត្រឡប់មកវិញ ខណៈនៅសល់២០នាក់ទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឲ្យប្រជាពលរដ្ឋមានលំនឹងចិត្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលលះបង់ កងទ័ពរបស់យើងណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកស្រីបញ្ជាក់ទៀតថា មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើការជាមួយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ក៏បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីជួយអន្តរាគមន៍ផងដែរ ហើយមេទ័ពជួរមុខក៏បាន និងកំពុងព្យាយាមដោះស្រាយ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថភាព៕