រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញភាគីថៃឱ្យទទួលយកបទឈប់បាញ់ជាមួយកម្ពុជា

KCSM 2025-07-27 11-46pm

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការអំពាវនាវរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ចេញមកជំរុញឱ្យភាគីថៃ បន្ធូរបន្ថយភាពតានតឹង និងឈប់បាញ់ជាបន្ទាន់ជាមួយកម្ពុជា។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក រ៉ូប៊ីអូ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវតែបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងត្រូវតែយល់ព្រមឈប់បាញ់ជាមួយកម្ពុជា និងបានគូសបញ្ជាក់ឡើងវិញ ពីបំណងចង់បានសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

លើសពីនេះ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួនត្រៀមខ្លួនជាអ្នកសម្របសម្រួលកិច្ចពិភាក្សានៅពេលអនាគត ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

ប្រភព:fresh news