ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ លើការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពត


KCSM2025-07-19 11-12am

ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទ បូកគោសាលាខេត្តកំពត បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ លើការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរនានា ជុំវិញសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក លោកអធិការ អធិការរងស្រុក មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងស្រុក មេបញ្ជាការមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេឃុំ ចៅសង្កាត់ ប្រធាន អនុប្រធាន នគរបាលប៉ុស្តិ៍ សរុបអ្នកចូលរួមចំនួន ២៧៥ នាក់។

បន្ទាប់ពីស្ដាប់សេចក្តីរាយការណ៍ លទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ របស់ឯកឧត្តម អុឹង ឆាយ អភិបាលរងខេត្ត រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន នៃខេត្តកំពត ដែលបានសាមគ្គីគ្នា ជំរុញចលនាប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រកបដោយលទ្ធផលល្អប្រសើរ។

ឯកឧត្តមគណៈអធិបតី សង្កត់ធ្ងន់ថា ខេត្តបានរៀបចំធ្វើវេទិកាសាធារណៈ បំផុសឱ្យមានការចូលរួម រក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅមូលដ្ឋាន កងកម្លាំងនគរបាល ចាត់តាំងកម្លាំងប្រចាំការ ការពារមូលដ្ឋាន ដោយស្មារតីម្ចាស់ការ។ មានការល្បាត ប្ដូរវេនច្បាស់លាស់ អន្តរាគមន៍ដោះស្រាយរាល់បញ្ហាកើតឡើងបានទាន់ពេលវេលា និងនគរបាលគ្រប់ថ្នាក់ មានទំនាក់ទំនងល្អជាមួយគ្រប់សមត្ថកិច្ចពាក់ព័ន្ធ។ ឯកឧត្តម គណៈអធិបតីក៍បានផ្សព្វផ្សាយអំពីការងារ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងការត្រៀមបម្រុងកងកម្លាំងសម្រាប់បម្រើឱ្យការងារសមរភូមិផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការដោះស្រាយជាមួយភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់៣ចំណុចរួមមាន៖
– ប្រកាន់ខ្ជាប់គោលការណ៍ក្របខណ្ឌព្រំដែនសន្តិភាពរបស់សម្ដេចតេជោ សម្ដេចធិបតី និយាយរួមកម្ពុជាស្អប់សង្គ្រាម។

– ការប្រើយន្តការគ្រប់យ៉ាង ដើម្បីដោះស្រាយយ៉ាងណាឱ្យមានសន្តិភាព ដោយលើកលែងតែបួនចំណុច ប្រាសាទតាមន្តធំ តូច ប្រាសាទតាក្របី និងមុំបី ដែលយើងបានប្ដឹងទៅតុលាការអន្តរជាតិ។
– ការប្ដឹងទៅតុលាការអន្តរជាតិគឺដើម្បីបញ្ជៀសសង្គ្រាមនិង បន្តទំនាក់ទំនងរវាងកម្ពុជាថៃឡើងវិញ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកមកបង្ហាញអំពីបទពិសោធន៍ និងល្បិចកលបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ ដើម្បីកុំឱ្យសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចាញ់តាមការ ឃោសនា អូសទាញ នៃក្រុមឧក្រិដ្ឋជនអនឡាញ។

នៅពេលរសៀលថ្ងៃដដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែង នៅប៉ុស្តិ៍នគរបាល អណ្ដូងខ្មែរ ក្រុងកំពត ប៉ុស្តិ៍នគរបាលបឹងទូក ស្រុកទឹកឈូ ប៉ុស្តិ៍នគរបាល ម៉ាក់ប្រាំង្គ ក្រុងបូកគោ និង ប៉ុស្តិ៍រដ្ឋបាលថ្មីស្រុកទឹកឈូ លើការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ការងារគ្រប់គ្រងកម្លាំង វិន័យ និងរបៀបរបបបំពេញការងាររបស់កងកម្លាំងនគរបាលជាតិ៕