ថៃ រកឃើញមន្ត្រីសាលាខេត្តនគររាជសីមា ១៦៧នាក់ ក្នុងចំណោម២០០នាក់ វិជ្ជមានសារធាតុញៀន
KCSM2025-07-09 02-47pm
(ថៃ)នគររាជសីមា៖ អាជ្ញាធរថៃ បានបើកយុទ្ធនាការ តេស្ដសារធាតុញៀនភ្លាមៗនៅក្នុងស្រុកទាំង៣២ នៃខេត្តនគររាជសីមា ដោយបានធ្វើតេស្ដលើមន្រ្តីសាលាខេត្ត និងពលរដ្ឋ ២០០នាក់ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ហើយបានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេស បន្ទាប់ពីរកឃើញមនុស្ស ១៦៧នាក់វិជ្ជមានសារធាតុញៀន ក្នុងនោះមានទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
អភិបាលខេត្តនគររាជសីមា លោក Chaiwat Chuenkosum បានបញ្ជាឱ្យពិនិត្យទឹកនោមលើមន្រ្តីសាលាខេត្តទាំងអស់ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា នេះ។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «White Korat: Clean Your Own House» ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន ដែលត្រូវបានចាត់ទុកជាជំហ៊ានសំខាន់ក្នុងការសម្អាតបណ្តាញរដ្ឋបាលថៃឱ្យស្អាតពីការញៀនថ្នាំ។
លទ្ធផលធ្វើតេស្ដរកសារធាតុញៀនភ្លាមៗ ដោយមិនបានជូនដំណឹងមុននេះ បានបង្កការភ្ញាក់ផ្អើលនៅទូទាំងប្រទេស ដោយមានមន្រ្តី និងពលរដ្ឋទូទៅ រួមទាំងព្រះសង្ឃ ប្រមាណ ១៦៧នាក់ ត្រូវបានរកឃើញថា ផ្ទុកសារធាតុញៀន។
អាជ្ញាធរបានប្រកាសថា នរណាម្នាក់ដែលទទួលលទ្ធផលវិជ្ជមានសារធាតុញៀន នឹងត្រូវផ្អាកពីតំណែង។
សូមជម្រាបថា កាលពីខែមុន មនុស្សសរុបចំនួន ៣៤,០២២នាក់ត្រូវបានធ្វើតេស្តរកសារធាតុញៀនដោយចៃដន្យភ្លាមៗ លើមន្ត្រីរាជការ បុគ្គលិករដ្ឋាភិបាល អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន នៅទូទាំងស្រុកទាំង៣២ របស់ខេត្តនគររាជសីមា ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព៕
ប្រភព:CNA