អ្នកនាំពាក្យសម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកស្ទង់មតិថៃ «កុំបារម្ភរឿងប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ប៉ុន្ដែគួរខិតខំដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញ»
KCSM2025-07-07 09-13am
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដានេះ បានបង្ហាញការអស់សំណើច និងបានចាត់ទុកការស្ទង់មតិរបស់សារព័ត៌មានថៃមួយ ពីប្រជាពលរដ្ឋពលរដ្ឋថៃ លើការពេញចិត្ត ឬមិនពេញចិត្ត របស់ពលរដ្ឋថៃចំពោះសម្ដេចតេជោ ហ៊ុន សែន ខណៈសម្ដេចជាមេដឹកនាំកំពូលមួយរបស់របស់កម្ពុជា ដ៏មានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់បំផុតរួចទៅហើយ។
លោក ជា ធីរិទ្ធ បានលើកឡើងថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ខាវស៊ុតរបស់ថៃ ពួកគេស្ទង់មតិប្រជាពលរដ្ឋថៃ ដែលមិនមានការពាក់ព័ន្ធនឹងសម្តេចតេជោទាល់តែសោះ ខណៈសម្តេចតេជោ មានពលរដ្ឋខ្មែស្រឡាញ់គាំទ្រលោករួចហើយ។
អ្នកនាំពាក្យសម្ដេចតេជោ បានផ្ដាំទៅក្រុមអ្នកស្ទង់មតិរបស់ថៃវិញថា កុំបារម្ភអីអំពីរឿងប្រជាប្រិយភាពរបស់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមិនចាំបាច់មកឈឺក្បាលជាមួយកម្ពុជា ជាមួយប្រជាជនកម្ពុជាទេ ហើយខិតខំគិតគូររឿងផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អ ឱ្យត្រូវរូវគ្នាទៅហើយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យមានសំឡេងតែមួយទៅ វាឆាប់ដោះស្រាយចេញ។ អីចឹងរឿង សម្ដេចតេជោ ប្រជាជនកម្ពុជាចង់ចាំនូវគុណូបការរបស់លោកដែលបានលះបង់ស្ទើតែពេញមួយជីវិតដើម្បីកម្ពុជា ដូច្នេះប្រជាជនកម្ពុជាដឹងច្បាស់ និងគោរពឱ្យតម្លៃច្បាស់ណាស់ចំពោះមេដឹកនាំកម្ពុជា គឺសម្ដេចតេជោ និងបន្ដដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត៕