ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ អាចធ្វើទៅបាន

KCSM 2025-07-02 02:33pm

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ៕