ត្រឹមបីថ្ងៃ ប្រជាជនខ្មែរជិត៤ពាន់នាក់បន្តសម្រុកត្រឡប់ពីថៃចូលកម្ពុជា តាមច្រកព្រំដែនបាត់ដំបង
KCSM2025-06-30 01-56pm
បាត់ដំបងៈ រយៈពេល៣ថ្ងៃ (២៧-២៩ មិថុនា ២០២៥) មានពលរដ្ឋខ្មែរចំនួន ៣,៨១២នាក់ ត្រឡប់ចូលពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង។ ក្នុងចំណោមនេះ មានស្ត្រី ១,៧០៨នាក់ និងកុមារ ១២៤នាក់។ ពលកររួមមានចំនួន ២,៦១៨នាក់។
ខេត្តនេះ មានច្រកទ្វារព្រំដែនឈមមុខគ្នាជាមួយប្រទេសថៃចំនួន៥ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ។
រដ្ឋបាលខេត្តបានសហការជាមួយខេត្តផ្សេងៗ ដើម្បីដឹកជញ្ជូនពលករត្រឡប់ទៅស្រុកកំណើត ដោយប្រើរថយន្តជាច្រើនគ្រឿង។ ស្របពេលនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធបានផ្តល់ព័ត៌មានអំពីឱកាសការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអត្ថប្រយោជន៍សន្តិសុខសង្គម ដល់ពលករខ្មែរនៅច្រកព្រំដែនផងដែរ៕
សូមបញ្ជាក់ផងថា ទោះបីអាជ្ញាធរថៃ មួយចំនួនបានកំពុងព្យាយាមបោកប្រាស់ និងចោទប្រកាន់កម្ពុជា ពីការបិទនិងបើកព្រំដែនយ៉ាងណា ក៏ពលរដ្ឋខ្មែរ ជឿជាក់លើរាជរដ្ឋាភិបាល និងអនុវត្តន៍តាមសេចក្តីណែនាំជានិច្ច។