ស្នងការដ្ឋាននគរបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆមាសទី ១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត
KCSM2025-05-28 02-27pm
កំពត ៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានដំណើរការបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆមាសទី ១ ឆ្នាំ២០២៥និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានការិយាល័យកណ្ដាល លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ លោក ប្រធានប៉ុស្តិ៍ច្រកទ្វារទ្វេភាគីតន់ហន់ លោកអធិការ.អធិការរង ទាំង ៩ ក្រុង.ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទាំង ៩៣ សរុបចំនួន ២៧០ នាក់ ។
ប្រសាសន៍បូកសរុបនិងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់បន្ថែមលើបទវិន័យនគរបាលជាតិ ដល់មន្ត្រីថ្នាក់ប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រងឯកសណា្ឋនឲ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ ក៏ដូចជាកម្លាំងជំនាញក្នុងការិយាល័យ។
– អធិការក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ម្ចាស់ការខ្លួនឯង តម្លើងកាំមេរ៉ាសុវត្ថិភាព នៅតាមគោលដៅសំខាន់ក្នុងភូមិសាស្ត្ររបស់ខ្លួន។
– ត្រូវយកចិត្តទុកដាក់លើការអនុវត្តដីកា ដែលមាននៅក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ។
– ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបាននូវបញ្ហាក្មេងទំនើង និងគ្រឿងញៀន សហការគ្នាធ្វើឱ្យបានល្អ។
– គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ទោះជាដាក់គោលដៅត្រួតពិនិត្យតិចជាងឆ្នាំ ២០២៤ ក៏ដោយ។
– លោកមេប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ការប្រមូលផ្តុំរបស់ជនបរទេសដែលចូលមកស្នាក់នៅ។
– ក្រុមការងារធ្វើអត្តសញ្ញាណប័ណ្ណចល័ត ត្រូវតែបន្តធ្វើនៅតាមបណ្តាក្រុង ស្រុក តទៅទៀត។
មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាល នៅតាមបណ្តាការិយាល័យជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការងារជំនាញរបស់ខ្លួន ដើម្បីមានការអភិវឌ្ឍ៕