តុលាការសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅពន្ធនាគារព្រៃស ក្រោមបទ៖ «គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស»
KCSM 2025-05-25 05:35pm
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ«គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស» តាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃ ក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួនធ្វើឡើងដោយចៅក្រមស៊ើបសួរ យី សុខវួច ដែលបានបង្គាប់ឱ្យឃុំខ្លួន លោក ហេង សិទ្ធី នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១) (ពន្ធនាគារព្រៃស)។
យោងតាម មាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ គឺបទ៖ «គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស» លោក ហេង សិទ្ធី កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមកនោះ ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ លោកត្រូវបាន សមត្ថកិច្ចរុស្ស៉ីចាប់ខ្លួន នៅទីក្រុងម៉ូស្គូ នៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២៥ តាមសំណើរបស់កម្ពុជា៕