ចាប់ខ្លួននាង Nguyen Thuc Thuy Tien ជាបណ្ដោះអាសន្ន ជុំវិញករណីបោកប្រាស់អតិថិជនពាក់ព័ន្ធនឹងផលិតផលស្ករគ្រាប់ Kera ករណីផលិតផលិតផលក្លែងក្លាយ ពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock និង ក្រុមហ៊ុន Chi Em Rot
KCSM2025-05-21 01-56pm
កាលពីកន្លងទៅ ទីភ្នាក់ងារប៉ូលិសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈ បានធ្វើការចាប់ខ្លួននាង Nguyen Thuc Thuy Tien ជាបណ្ដោះអាសន្ន ជុំវិញករណីបោកប្រាស់អតិថិជនពាក់ព័ន្ធនឹងផលិតផលស្ករគ្រាប់ Kera។ ការសម្រេចចិត្តចាប់ខ្លួន Miss Grand International 2021 ជាផ្លូវការនេះដែរ គឺកើតមានឡើងក្រោយប៉ូលិសពង្រីកការស៊ើបអង្កេតលើករណីផលិតផលិតផលក្លែងក្លាយពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock និង ក្រុមហ៊ុន Chi Em Rot។
នាង Thuy Tien គឺជាម្ចាស់ភាគហ៊ុនមួយរួមចំណែកលើដើមទុន ៣០% ក្នុងការផលិតផលិតផលនោះ ហើយនាងក៏ទទួលបានកុំមុយស្យុងជិត ៧ ពាន់លានដុង (ប្រមាណ ២៦ ៩៦៩៧ ដុល្លារ) ផងដែរ។ លើសពីនេះទៅទៀត បើទោះជានាងបានដឹងថា សារធាតុ fiber នៅក្នុងផលិតផលមានកម្រិតទាបខ្លាំង ហើយមិនមានប្រសិទ្ធភាពដូចអ្វីដែលនាងបានផ្សព្វផ្សាយក៏ដោយ ប៉ុន្តែនាង និង ក្រុមការងារខ្លួន នៅតែបន្តផ្ដល់ព័ត៌មានក្លែងក្លាយដើម្បីបោកប្រាស់អតិថិជនរបស់ខ្លួនដដែល។ បន្ទាប់មក ក្រោយទទួលរងការរិះគន់ខ្លាំងពីមហាជន នាង Thuy Tien ក៏បានដាក់ស្នើចុះកុងត្រាលើការផ្សព្វផ្សាយរបស់ខ្លួនឱ្យត្រូវតាមច្បាប់ ដើម្បីគេចពីការចាត់ទុកថាជាម្ចាស់ភាគហ៊ុនម្នាក់ដែរ។
គួរឱ្យដឹងផងដែរថា កាលពីពេលថ្មីៗកន្លងទៅ នាង Thuy Tien ទទួលរងប្រតិកម្មតវ៉ាប្រឆាំងជាច្រើន ក្រោយរូបនាងបានធ្វើការផ្សព្វផ្សាយលក់ស្ករគ្រាប់ Kera។ មកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ទីភ្នាក់ងារប៉ូលិសស៊ើបអង្កេតក៏បានចាប់ផ្ដើមស៊ើបលើករណីផលិតទំនិញក្លែងក្លាយ និង បោកប្រាស់អតិថិជន លើក្រុមហ៊ុន Asia Life និង ក្រុមហ៊ុន Chi Em Rot នៅក្រុងហូជីមិញ និង Dak Lak។ ក្រោយការស៊ើបអង្កេត ខាងភ្នាក់ងារប៉ូលិសក៏បានសម្រេចចេញដីកាចាប់ខ្លួនបុគ្គលមួយចំនួនពាក់ព័ន្ធនឹងករណីខាងលើនេះ ដោយក្នុងនោះរួមមាន នាង Nguyen Thi Thai Hang ដែលជា Chairwoman of the Board of Directors នៃក្រុមហ៊ុន Chi Em Rot Joint Stock, Pham Quang Linh ម្ចាស់ភាគហ៊ុនមួយចំណែក និង សមាជិកនៃ Board of Director នៃក្រុមហ៊ុន Chi Em Rot មួយចំនួនទៀត។
អំឡុងពេលស៊ើបអង្កេតនោះដែរ ខាងអាជ្ញាធរក៏បានធ្វើការហាមប្រាមនាង Thuy Tien មិនឱ្យចាកចេញពីប្រទេសជាបណ្ដោះអាសន្នផងដែរចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីស៊ើបអង្កេត និង បញ្ជាក់បន្ថែមពាក់ព័ន្ធនឹងករណីមួយនេះ។ នាង Thuy Tien មិនទាន់មាននិយាយឆ្លើយតបផ្លូវការណាមួយពាក់ព័ន្ធនឹងករណីដែលខ្លួនជាប់ពាក់ព័ន្ធនេះនៅឡើយនោះទេ៕