អភិបាលខេត្តតាកែវអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវចែកជូនគ្រួសារក្រីក្រចំនួន ៣៤ គ្រួសារ នៅស្រុកព្រៃកប្បាស និងស្រុកបាទី
KCSM2025-05-12 02-11PM
តាកែវ៖ នៅព្រឹកថ្ងៃ ច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមនឹងសហការី បានប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីពេលកន្លងទៅនេះ និងបាននាំយកអំណោយមនុស្សធម៌សាខា ចែកជូនគ្រួសារក្រីក្រចំនួន ៣៤ គ្រួសារ ក្នុងនោះស្រុកព្រៃកប្បាសមានចំនួន១៨ គ្រួសារ និងស្រុកបាទីមានចំនួន១៦ គ្រួសារ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ ក្នុងការខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត និងបានគៀងគរអ្នកវិនិយោគគិនបរទេសធំៗ មកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន ក្នុងនោះក៏បានគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀតផង ដើម្បីយុវជន ប្រជាពលរដ្ឋមានចំណេះជំនាញមួយពិតប្រាកដ ជួយជីវភាពពួកគាត់បានកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពជានិច្ច និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺគ្រុនឈាម ពិសេសក្មេងតូចៗត្រូវអោយពួកគាត់គេងក្នុងមុងជានិច្ច និងត្រូវសំអាតអនាម័យបរិស្ថានជុំវិញផ្ទះអោយបានស្អាតកំចាត់ចោលនូវរបស់ណាដែលអាចដក់ទឹកបាន ព្រោះវាប្រភពនៃការបង្កកំណើតនៃជម្ងឺគ្រុនឈាមបាន។
-សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួនទៀតផងដែរ៕
អត្ថបទ:សង្គម