ប្រធានាធិបតីទីម័រឡេស្តេ បើកបររថយន្តជូនស ហ៊ុន សែន ដោយផ្ទាល់ ថាជា «មិត្តដ៏ល្អម្នាក់មកលេងយើង»
KCSM2025-05-08 04-34pm
ប្រធានាធិបតីទីមរ័ឡេស្តេ ជាអ្នកបើករថយន្តជូនសម្តេច ហ៊ុន សែន ដោយផ្ទាល់ លោកប្រធានាធិបតីទីម័រឡេស្តេ ចូហ្សេ រ៉ាមូដ អរតា (José Ramos Horta) បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «សម្តេច ហ៊ុន សែន, មិត្តល្អម្នាក់ មិត្តដ៏អស្ចារ្យម្នាក់ មកលេងយើង»។ លោកថា សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងស្ថាបនិកកម្ពុជានាសម័យទំនើប ដែលបានដឹកនាំពលរដ្ឋខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៧ ខែឧសភា លោកប្រធានាធិបតី ចូហ្សេ រ៉ាមូដ អរតា បានបើករថយន្តជូនដំណើរសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលឈរអមដោយលោកនាយករដ្ឋមន្ត្រី កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) ក្នុងដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Aero Porto International Nicolau Lobato Díli ទៅកាន់សណ្ឋាគារដែលសម្តេចស្នាក់នៅ។