រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយទំនើបនាបច្ចុប្បន្ន ទូរទស្សន៍អនឡាញ បណ្តាញសង្គមបរទេសជាច្រើន និងបណ្តាញទំនាក់ទំនង CoolApp របស់កម្ពុជា បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការទទួលព័ត៌មាន និងបញ្ចេញព័ត៌មានរបស់ប្រជាពលរដ្ឋ
KCSM 2025-05-05 01:40pm
(ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយទំនើបនាបច្ចុប្បន្ន ទូរទស្សន៍អនឡាញ បណ្តាញសង្គមបរទេសជាច្រើន និងបណ្តាញទំនាក់ទំនង CoolApp របស់កម្ពុជា បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការទទួលព័ត៌មាន និងបញ្ចេញព័ត៌មានរបស់ប្រជាពលរដ្ឋ នេះជាលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ប្រសាសន៍របស់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បែបនេះ ធ្វើឡើងនៅក្នុងឱកាសពិធីជួបជំុរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅទូទាំងប្រទេស លើកទី៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ប្រព័ន្ធផ្សព្វផ្សាយទំនើបរួមមានគេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT (Over-The-Top_media_service) និងទូរទស្សន៍ផ្កាយរណប ហ្វេសប៊ុកចំនួន១៤លាន និងគណនីតិកតុកចំនួន១០លាន, ប្រព័ន្ធតេឡេក្រាម ចំនួន១០លាន, បណ្តាញសង្គមអ៉ិច (x) មានប្រមាណជិតកន្លះលាន និងបណ្តាញទំនាក់ទំនង CoolApp របស់កម្ពុជា មានអ្នកប្រើប្រាស់ប្រមាណកន្លះលាននាក់ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការទទួលព័ត៌មាន និងបញ្ចេញព័ត៌មានរបស់ប្រជាពលរដ្ឋ»។
សូមជំរាបថា នៅឱកាសពិធីជួបជំុរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកទឹកចិត្តឱ្យកូនខ្មែរ នាំគ្នាចូលរួមប្រើប្រាស់របស់ដែលខ្មែរយើងមាន ដើម្បីឱ្យគេបានស្គាល់អំពីស្នាដៃខ្មែរ ហើយក៏គ្មាននរណា ស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះទេ៕