ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅមណ្ឌលអប់រំកែប្រែទី១
KCSM2025-04-25 12-01pm
(ភ្នំពេញ)នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មណ្ឌលអប់រំកែប្រែទី១ បានរៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឯកឧត្តម អគ្គនាយករង ប្រធានគណៈប្រតិភូ សមាជិក គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រី អនុប្រធានមណ្ឌលអប់រំកែប្រែទី១ ប្រធាន-អនុប្រធានការិយាល័យ ប្រធានផ្នែក និងមន្ត្រីពាក់ព័ន្ធចំណុះមណ្ឌលអប់រំកែប្រែទី១។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានគួសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញដល់ថ្នាក់ដឹកនាំសវនដ្ឋាន លើការបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន ជាពិសេស អនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង