អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អូរស្រែក្រសាំង ប្រវែងជាង៦០០០ម៉ែត្រ


KCSM2025-04-21 03-06pm

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការស្តារប្រឡាយ របស់មន្ទីរធនធានទឹក និងឧតុនិយម នៅចំនុចឃុំស្រែក្រសាំង ស្រុកសៀមបូក គឺប្រព័ន្ធធារាសាស្រ្តអូរស្រែក្រសាំង ដែលមានប្រវែងជាង៦០០០ម៉ែត្រ បានស្តារឡើងវិញនាពេលនេះគឺបាន១០០០ម៉ែត្រ ស្របពេលមន្ទីរជំនាញបានស្តារកាលពីកន្លងទៅជាង៤០០០ម៉ែត្រ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរគុណជាអនេកដល់ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និង ឧតុនិយមខេត្តស្ទឹងត្រែង ដែលទទួលយក និងអនុវត្តនូវសំណូមពរ ក្នុងការស្តារប្រឡាយ និងអូរ ដែលតភ្ជាប់ពីប្រព័ន្ធធារាសាស្រ្តអូរក្រសាំង មានអាងស្តុកទឹកបាន ៤,៣លានម៉ែត្រគីប មានខ្នងទំនប់ប្រវែង ៩៩៨ម៉ែត្រ មានប្រឡាយមេ ៤,០៣៧ម៉ែត្រ និងប្រឡាយរង ២,២៩៥ម៉ែត្រ មានលទ្ធភាពស្រោចស្រពបានផ្ទៃដី ៤៨៤ហិកតា នៅរដូវវស្សា។ ការស្តារនេះ គឺដើម្បីទាញយកទឹកសម្រាប់ប្រើប្រាស់ (ប្រាំង-វស្សា) ជូនប្រជាកសិករសហគមន៍អូរក្រសាំង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបម្រើឱ្យអន្តរវិស័យ និងជួយកាត់បន្ថយនូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ និងគ្រោះរាំងស្ងួត ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង